(បរទេស)៖ អតីតកីឡាករបាល់ទាត់ល្បីឈ្មោះ និងជាតារាសម្តែង David Beckham បានប្រកាសថា លោកបានប្រគល់គណនី Instagram ផ្ទាល់ខ្លួនដែលមានចំនួននាក់ Follow ជាង៧១.៥លាននាក់ ទៅឲ្យអ្នកគ្រូពេទ្យនៅប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញពីសកម្មភាពទៅកាន់មនុស្សកាន់តែច្រើន នៅពេលដែលគ្រូពេទ្យមើលថែទារក និងអ្នកជំងឺ នៅបន្ទប់ក្រោមដី អំឡុងពេលប្រទេសអ៊ុយក្រែនកំពុងមានសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

David Beckham ក្នុងនាមជាទូតសុឆន្ទៈរបស់អង្គការ UNICEF ផងនោះ បានឲ្យដឹងថា លោកប្រគល់គណនី Instagram របស់លោកទៅអ្នកគ្រូពេទ្យឈ្មោះ Lryna ដែលជាប្រធានមជ្ឈមណ្ឌល perinatal នៅទីក្រុង Kharkiv។ តាមរយៈគណនីរបស់ David Beckham បានផ្តល់ឱកាសឲ្យ អ្នកគ្រូពេទ្យ Lryna ចែករំលែកពីទុក្ខលំបាករបស់ខ្លួន ទៅកាន់មនុស្សកាន់តែច្រើននៅលើពិភពលោកបានដឹង អំពីអ្វីដែលលោកស្រី ក្នុងនាមជាវេជ្ជបណ្ឌិតកំពុងប្រឈមក្នុងការមើល ស្ត្រីមានផ្ទៃពោះ ,ទារក និងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅបន្ទប់ក្រោមដី ដែលត្រូវការអុកស៉ីសែនជាចាំបាច់ ដើម្បីធានាសុវត្ថិភាព ក្នុងកាលៈទេសៈដែលប្រទេសអ៊ុយក្រែន មិនទាន់មានសន្តិភាព។

តាមរយៈ Instagram របស់ David Beckham លោកស្រី Larynx បាននិយាយថា នៅថ្ងៃដំបូងដែលប្រទេសអ៊ុយក្រែនត្រូវបានលុកលុយដោយយោធារុស្ស៉ី ស្ត្រីមានផ្ទៃពោះទាំងអស់ និងម្តាយដែលកំពុងមានទារកតូចៗ ត្រូវបានជម្លៀសខ្លួន ទៅកាន់បន្ទប់ក្រោមដី។ នេះជាពេលវេលាដ៏អាក្រក់ដែលពួកគេចំណាយពេលជាមួយគ្នា។

ក្រៅពីការផ្តល់ជូន Instagram របស់ខ្លួនទៅឲ្យគ្រូពេទ្យនៅអ៊ុយក្រែនគ្រប់គ្រង ដើម្បីបង្ហាញពីសកម្មភាពលំបាកទៅកាន់មនុស្សរាប់លាននាក់ និងឲ្យបានចូលរួមបរិច្ចាគប្រាក់ដល់ជនរងគ្រោះនោះ តារាសម្តែង David Beckham និងភរិយារបស់លោក នៅដើមខែនេះ ក៏បានរៃអង្គាសប្រាក់ ជួយដល់ពលរដ្ឋអ៊ុយក្រែន និងបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ចំនួន១លានផោន ឬខ្ទង់១.៣លានដុល្លារ ដល់អង្គការសប្បុរសធម៌ផងដែរ៕