(កំពង់ឆ្នាំង)៖ ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលអូសអន្លាយរយៈពេលជាង ២ឆ្នាំមកនេះ បានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ចនៅក្នុងប្រទេស។ របរជាច្រើនទទួលរងនូវវិបត្តិជាបន្តបន្ទាប់ រហូតដល់ខ្លះទៀតមិនអាចបើកដំណើរការបាន ជាពិសេសក្នុងវិស័យទេសចរណ៍តែម្តង។

ទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងវិស័យផ្សេងៗដាំក្បាលចុះ វិស័យកសិកម្ម ត្រូវបានជំរុញ ហើយមានសន្ទុះខ្លាំងក្លាជាមុន។ របរចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារ ហាក់កំពុងទទួលអំណោយផលពីវិបត្តិកូវីដ១៩ នេះ ជាមួយនឹងអាជីវកម្មផ្សេងៗទៀត ក្នុងវិស័យកសិកម្ម។

ជាពលរដ្ឋម្នាក់រស់ក្នុងភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រមាណ ៧០គីឡូ ពីរាជធានីភ្នំពេញ លោក យីម វ៉ារី បានផ្លាស់មុខរបរមកជាអ្នកបង្កាត់ពូជបង្កែបលក់ នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីចែកបន្តទៅកាន់កសិករ ឬពលរដ្ឋផ្សេងទៀតដែលបាត់បង់ការងារ។ កូនកសិករដែលជាអ្នករៀនសូត្ររូបនេះ មានដីកសិកម្មធំគួរសម ហើយក៏បានមើលឃើញឱកាសខ្ពស់ពីរបរចិញ្ចឹមកង្កែប តាំងពីគ្រាដំបូងនៃនៅដំណាក់កាលរីករាលដាលជំងឺកូវីដ១៩។

លោកបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ដូច្នេះថា៖ «ដំបូងខ្ញុំគិតចង់ចិញ្ចឹមកង្កែបផង និងចិញ្ចឹមបង្កងអូស្រ្តាលីផង ប៉ុន្តែការចិញ្ចឹមកង្កងអូស្រ្ដាលីជួបប្រទះនឹងខ្វះខាតទឹកក្នុងការប្រើប្រាស់ ខ្ញុំក៏សម្រេចចិញ្ចឹមកង្កែបតែម្តង។ ដំបូងៗគិតថាយកជាបទពិសោធសិន ដោយចាប់ផ្តើមពី ១,៦០០កូន ក្នុងមួយអាង ហើយក្រោយមក ខ្ញុំក៏អាចជ្រើសរើសពូជខ្លួនឯង ហើយចិញ្ចឹមទាំងកង្កែបសាច់ និងបង្កាត់លក់កូន»

កង្កែប គឺជាប្រភេទសត្វរស់នៅក្នុងទឹកផង និងលើគោកផង។ វាត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វមួយ ដែលមានតម្លៃសេដ្ឋកិច្ច ដែលប្រជាពលរដ្ឋខ្មែរទូទៅនិយមចូលចិត្តទទួលទានមិនថានៅតាមផ្ទះ ឬតាមភោជនីយដ្ឋាន។ កង្កែបជាសាច់ដែលបង្កើតជាមុខម្ហូបច្រើនមុខ ហើយអាហារដែលគេស្គាល់ច្រើនជាងគេនោះគឺកង្កែបបោកដោយក្នុងពោះមានញាត់គ្រឿងយ៉ាងឆ្ងាញ់ពិសារ កង្កែបអាំងអំបិលម្ទេសហឹរឈ្ងុយហុយៗ និងកង្កែបឆាគ្រឿងជាដើម។ ការនិយមទទួលទានច្រើននេះ ធ្វើឱ្យមានតម្រូវការក្នុងការចិញ្ចឹមកង្កែប និងបង្កាត់ពូជកង្កែប ជាលក្ខណៈគ្រួសារកាន់តែច្រើន និងពេញនិយមឡើង។

លោក វ៉ារី បានបន្ដថា ទោះបីជាលោកបានចាប់អាជីពជាអ្នកចិញ្ចឹមកង្កែប និងបង្កាត់ពូជកង្កែបលក់ក៏ដោយ ប៉ុន្តែលោកមិនកំណាញ់ក្នុងការចែករំលែកបច្ចេកទេសចិញ្ចឹមកង្កែបនោះទេ។ លោកតែងចែករំលែកកូនកង្កែប ពូជកង្កែប និងបច្ចេកទេស ទៅដល់ប្រជាពលរដ្ឋផ្សេងទៀត ក្នុងមូលដ្ឋានដែលចង់បង្កើនប្រាក់ចំណូលបន្ថែមតាមរយៈការចិញ្ចឹមកង្កែបលក្ខណៈគ្រួសារ។ ការចែកចាយពូជ និងកូនបង្កែបនេះ បានកើនឡើងពីមួយខែទៅមួយខែ។

ក្នុងរយៈពេល៣ខែ យុវកសិកររូបនេះបានបង្កាត់ពូជកង្កែបប្រហែល៥០០គូ ដែលពួកវាមានអាយុកាលជិត១ឆ្នាំ ទម្រាំបន្តពូជបាន។ សម្រាប់បច្ចេកទេសបង្កាត់ និងចិញ្ចឹមកង្កែបនេះ លោកលោកបានរៀនសូត្រពីអ្នកជំនាញផង រៀនសូត្រតាមអ៊ីនធឺណិតផង ( You Tube) និងដកបទពិសោធខ្លួនឯងផង។

លោកថា៖ «បច្ចេកទេសផលិតកូនកង្កែប ផលិតពូជកង្កែបជាចំណេះដឹងមួយថ្មី ជួយដល់ប្រជាកសិករនៅតាមជនបទក្នុងការបង្កើនការងារ និងរកប្រាក់ចំណូលបន្ថែម រួមចំណែកលើកកម្ពស់ជីវភាព»។ លោកបានរំលឹកអំពីបញ្ហាមួយចំនួន នៅពេលដែលចាប់ផ្តើមបង្កាត់ពូជកង្កែបដំបូងៗ ដោយក្នុងនោះមានបញ្ហាការចាក់អរម៉ូន និងការប្រើប្រាស់ទឹក ហើយបន្ទាប់មកទើបលោកកែច្នៃបន្តិចម្តងៗរហូតល្អប្រសើរ។

លោកបន្ថែមថា៖ «ការចិញ្ចឹមរយៈពេល២ ឆ្នាំមកហើយ រាប់ចាប់តាំងពីទិញពូជគេមកចិញ្ចឹមចាប់តាំងពីឆ្នាំ២០២០មក យើងចិញ្ចឹមកង្កែប មានរយៈពេល៣ខែ អាចលក់សាច់បាន។ បន្ទាប់មកក៏ចាប់ផ្ដើមរក្សាពូជដោយខ្លួនឯង ទាល់តែកង្កែបគ្រប់អាយុ៧ដល់៨ខែ ឬ១ឆ្នាំ ទើបយើងអាចបង្កាត់ វាបានយើងត្រូវពិនិត្យមើលទាល់តែកង្កែបហ្នឹងចាស់ទើបអាចបង្កាត់បាន»

លោកបានបន្តទៀតថា «ដោយសារប្រជាពលរដ្ឋនៅក្នុងសហគមន៍ មានគំនិតក្នុងការចិញ្ចឹមក្នុងលក្ខណៈគ្រួសារដែរនោះ ពួកគាត់បានជាវកូនកង្កែបពីរូបលោក ដោយចាប់ផ្ដើមមុនដំបូងគឺ ១,០០០ ទៅ ២,០០០កូន ហើយពួកគាត់ចំណាយត្រឹម៣០ម៉ឺនរៀលប៉ុណ្ណោះ និងត្រូវទិញតង់អត់ប្រហែល១០ម៉ឺន សរុបអស់ ៤០ម៉ឺនរៀល គាត់អាចចិញ្ចឹមបាន»។ សម្រាប់ការលក់កូនកង្កែប គឺលក់តាមក្រុm តេលេក្រាម (Telegram) ដែលមានមានអតិថិជនស្រាប់ ជាពិសេសអតិថិជននៅតាមបណ្ដាខេត្ដ ដែលគាត់ទិញយកទៅចិញ្ចឹមបន្ដ។

សម្រាប់កសិដ្ឋានរបស់ លោក យីម វ៉ារី, កូនកង្កែបមួយអាចលក់បានក្នុងតម្លៃ៣០០ទៅ៤០០រៀល ទៅតាមអាយុកាល ហើយបើអតិថិជនទិញ ១,០០០កូន នោះលោកតែងតែមានការថែមជូនមួយចំនួនទៀត។ ដោយឡែក សម្រាប់អតិថិជនថ្មី ដែលទិញយកទៅចិញ្ចឹម ឬអ្នកចិញ្ចឹមដែលយកទៅមានការស្លាប់ នោះ លោកក៏នឹងប៉ះប៉ូវវិញ ដែលដូចជាការជួយទំនុកបម្រុងសម្រាប់ការចិញ្ចឹមកង្កែបដូច្នោះដែរ។ ក្រោយពីអតិថិជននៅមូលដ្ឋាន កសិកររូបនេះបានចែកចាយកូនកង្កែប ទៅកាន់ទីផ្សារក្នុងខេត្តដទៃទៀត តាមរយៈការប្រើប្រាស់ បណ្ដាញសង្គមផងដែរ។

បច្ចុប្បន្ននេះ លោកមានអតិថិជនមកកម្មង់ទិញជាច្រើន តែកង្កែបរបស់ម្ចាស់កសិដ្ឋានមួយនេះមិនអាចផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជនគ្រប់ឡើយ ដោយសារតែចំនួនកង្កែប នៅមានតិចតួច។ ទោះជាយ៉ាងណា លោ

កបានអះអាងថា នៅថ្ងៃខាងមុខនេះ លោកនឹងបង្កាត់ពូជឲ្យបានច្រើន ដើម្បីយកមកចិញ្ចឹមធ្វើពូជបន្ថែមទៀត ដើម្បីតបតាមតម្រូវការនៅក្នុងទីផ្សារបច្ចុប្បន្ន។

លោកបញ្ជាក់បន្ថែមទៀតថា៖ «ការចិញ្ចឹមកង្កែបបានធ្វើឲ្យជីវភាពគ្រួសារធូរធារសមល្មម ឥតខ្វះខាត និងមិនជំពាក់គេ»។ លោកក៏លើកទឹកចិត្ដឱ្យកសិករដែលចង់ពង្រីកចំណូលរបស់ខ្លួន បន្ថែមទៀត សាកល្បងក្នុងការចិញ្ចឹមកង្កែបដើម្បីផ្គត់ផ្គង់ទីផ្សារ៕