(ភ្នំពេញ)៖ សមាគមជាងសក់ និងសម្អាងនៅកម្ពុជា នារសៀលថ្ងៃទីទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីជួបជុំមហាគ្រួសារ ជាងសក់ អ្នកសម្អាង និងសាឡនកម្ពុជា ឆ្នាំ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពលោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកគ្រូ ស៊ុន ហៀង ប្រធានសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ដោយមានអ្នកចូលរួមសរុបជាង៤០០នាក់។

កម្មវិធីនេះមានការគាំទ្រពីគ្រីស្ទីណាសាឡន និងសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា ព្រមទាំងមានការសហការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនដៃគូ និងសមាជិកសមាគម។

អ្នកគ្រូ ស៊ុន ហៀង ប្រធានសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ជាអនុប្រធានសមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិក និងជានាយិកាសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា បានលើកឡើងថា កម្មវិធីជួបជុំមហាគ្រួសារ ជាងសក់ អ្នកសម្អាង និងសាឡនកម្ពុជា គឺជាកម្មវិធីជួបជុំអ្នករកស៊ីក្នុងវិស័យសាឡន និងសម្អាងនៅកម្ពុជាប្រចាំឆ្នាំ ដែលមានដូចជាជាងសក់ អ្នកសម្អាង ម្ចាស់សាឡន ម្ចាស់ហាងលក់ផលិតផលសាឡន និងអ្នករកស៊ីពាក់ព័ន្ធក្នុងវិស័យសាឡន និងសម្អាងការ។

អ្នកគ្រូបានបញ្ជាក់បន្ថែមថា វិស័យសក់ និងសាឡន គឺជាឧស្សហកម្មគ្មានផ្សែងមួយ ដែលមានគ្រប់ទីកន្លែង មានគ្រប់ផ្សារ និងទីប្រជុំជននៅកម្ពុជា។ វិស័យនេះបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយកំណើនសេដ្ឋកិច្ចជាតិ។ វិស័យនេះអាចជួយដល់យុវជន-យុវនារីមានការងារធ្វើរាប់ម៉ឺននាក់ បង្កើតមុខរបរខ្នាតតូចបានរាប់ម៉ឺនកន្លែងនៅទូទាំងកម្ពុជា ចូលរួមកាត់បន្ថយការចំណាកស្រុក និងជួយឱ្យសម្រស់
ម្នាក់ៗស្រស់ស្អាត និងក្មេងជាងវ័យ។ ជាងសក់ ជាងសាឡន អ្នកសម្អាង គឺជាបុគ្គលដែលជួយឱ្យមនុស្សធម្មតាក្លាយជាមនុស្សដែលមានសម្រស់ស្អាតជាងមុន និងក្មេងជាងវ័យ ជាពិសេសបង្កើនប្រាក់ចំណូលប្រចាំថ្ងៃបានល្អ រឹងមាំ និងអាចក្លាយជាអ្នកមានជីវភាពធូរធា។

អ្នកគ្រូបានបន្ថែមថា សាឡនគឺជាអាជីពជួយឱ្យមនុស្សកាន់តែស្អាត និងមានរាសីខ្ពស់ សាឡនគឺជាអាជីពដែលឯករាជ្យ និងអមតៈ សាឡនគឺជាអាជីពជួយបង្កើនគ្រួសារ ចំណូលជាតិ និងជួយកំណើនសេដ្ឋកិច្ចជាតិ សាឡនគឺជាអាជីពជួយឱ្យកម្ពុជាស្អាត សាឡនគឺជាអាជីពជួយឱ្យមានជីវភាពធូរធា និងមានកិត្តិយស សាឡនគឺជាអាជីពដែលរៀនបានចំណេះ រៀនបានជំនាញ រៀនបានចំណូល រៀនបានសេចក្តីសុខ។

ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះ អ្នកគ្រូ ស៊ុន ហៀង បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍ជូនដល់ជាងសាឡន ជាងសក់ អ្នកសម្អាង និងម្ចាស់សាឡនទាំងអស់ ដូចខាងក្រោម៖

១៖ សូមផ្តល់សេវាកម្មល្អបំផុតជូនអតិថិជនជាទីស្រលាញ់។

២៖ ចំណាយពេល និងចំណាយធនធាន ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញសក់ ជំនាញសាឡន ជំនាញគ្រប់គ្រងអាជីវកម្មសាឡនសម្រាប់ខ្លួនឯងជាប្រចាំ ដើម្បីដើរទាន់សម័យកាលរីកចម្រើននៃវិស័យសាឡន និងសម្រស់។

៣៖ ចូលជាសមាជិកសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ដើម្បីទទួលបានការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពជំនាញសក់ ជំនាញសាឡនជាប្រចាំ និងទាន់សម័យកាល និងចូលជាសមាជិកមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំសាឡនអាជីព ដើម្បីមានសមត្ថភាពពេញលេញក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មសាឡនឱ្យយដំណើរការរឹងមាំ បានចំណូលច្រើន ពង្រីកហាងបានធំ និងច្រើនសាខា។

៤៖ ខិតខំអនុវត្តមេរៀនដែលទទួលបានពីការរៀននៅក្នុងថ្នាក់ពីលោកគ្រូ អ្នកគ្រូ ដើម្បីឱ្យក្លាយជាអ្នកជំនាញសសក់ និងសាឡនអាជីពមានវិជ្ជាជីវៈពិតប្រាកដ។

៥៖ សម្រាប់យុវជន-យុវនារីដែលមិនទាន់មានអាជីពពិតប្រាកដសម្រាប់ខ្លួនឯង គួរតែច្រើនរើសអាជីពជាជាងសក់ ជាងសាឡន ឬម្ចាស់ហាងសាឡន ព្រោះជាអាជីពល្អគ្រប់យ៉ាង។

លោក សុក ស៊ីផាន់ណា បានកោតសរសើរការខិតខំប្រឹងប្រែងរបស់អ្នកគ្រូ ស៊ុន ហៀង ប្រធានសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ដែលបានដឹកនាំការងារសាឡនឱ្យក្លាយជាវិស័យសាឡនជាវិស័យមួយចូលរួមចំណែកជួយកំណើតម៉ាក្រូសេដ្ឋកិច្ចជាតិ។

លោកក៏បានលើកទឹកចិត្ត និងគាំទ្រអ្នកគ្រូ ព្រមទាំងសមាជិកសមាគម ក៏ដូចជាអ្នករកស៊ីក្នុងវិស័យសាឡនទាំងអស់សូមបន្តខិតខំពង្រឹងសមត្ថភាព ពង្រីកការងផ្តល់សេវាកម្មសាឡនឱ្យកាន់តែមានគុណភាពខ្ពស់បន្ថែមទៀត។

ជាមួយគ្នានោះដែរ លោកគ្រូ អោម សេង បូរ៉ា ស្ថាបនិក CEO Master Club បានកោតសរសើរស្នាដៃបង្កើត និងដឹកនាំគ្រីស្ទីណាសាឡនរបស់ស្ថាបនិកឆ្នើមទាំងពីរ គឺលោកគ្រូ កុល ធីតា និងអ្នកគ្រូ ស៊ុន ហៀង។ លោកគ្រូបានលើកទឹកចិត្តក្នុងការបន្តបេសកកម្មរបស់សមាគមជាងសក់ និងសម្អាងនៅកម្ពុជាក្នុងការជួយដល់វិស័យសាឡននៅកម្ពុជាឳ្យរីកចម្រើនបានឆាប់រហ័ស និងជួយឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។

ក្នុងនាមថ្នាក់ដឹកនាំសមាគមជាងសក់ និងសម្អាងនៅកម្ពុជា សាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា មជ្ឈមណ្ឌលភាពជាអ្នកដឹកនាំសាឡនអាជីព អ្នកគ្រូ ស៊ុន ហៀង បានសន្យានិងប្តេជ្ញាចិត្តថានឹងរៀបចំវគ្គបណ្តុះបណ្តាលលើជំនាញសក់ និងជំនាញសាឡន ដែលទាន់សម័យជូនដល់បងប្អូនទាំងអស់គ្នាដើម្បីក្លាយជាអ្នកជំនាញសាឡនអាជីពមានវិជ្ជាជីវៈ ជាងសក់អាជីពមានវិជ្ជាជីវៈ អ្នកសម្អាងអាជីពមានវិជ្ជាជីវៈ និងម្ចាស់សាឡនអាជីពមានវិជ្ជាជីវៈ។ បង្កើតកម្មវិធី ព្រឹត្តិការណ៍ ដើម្បីជួយលើកស្ទួយវិស័យសាឡន សម្រស់សរសៃសក់ និងសម្អាងនៅកម្ពុជា។ ជួយសម្របសម្រួលដោះស្រាយបញ្ហា របស់អ្នកប្រកបអាជីពសាឡនទាំងបញ្ហាក្នុងអាជីវកម្ម និងទាំងបញ្ហាបុគ្គល ឬគ្រួសារ។ ជួយផ្តល់ប្រឹក្សាយោបល់ជូនអ្នកប្រកបអាជីពសាឡនទាំងអស់គ្នាជារៀងរហូត និងជួយជ្រោមជ្រែងអ្នកប្រកបអាជីពសាឡនឱ្យរីកចម្រើនទាំងអស់គ្នា៕