(រីយ៉ូ)៖ ខ្សែការពារកណ្តាលរបស់ក្លិប Atletico Madrid កីឡាករ Felipe Augusto បានទទួលការកោះហៅ ចូលទៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតជម្រុះ World Cup ប៉ះក្រុមឈីលី និងបូលីវី , នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់ប្រេស៊ីល ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

កីឡាករវ័យ៣២ឆ្នាំរូបនេះ បានជំនួសតំណែងខ្សែការពារក្លិប Arsenal កីឡាករ Gabriel Magalhaes ដែលត្រូវបានដកចេញ ពីបញ្ជីក្រុមកីឡាករជម្រើសជាតិ២៥រូប ដោយសារតែលោកមានត្រៀមពេលទទួលបានការចាប់កំណើតកូនស្រីដំបូងរបស់លោក។

Felipe មិនបានលេងតំណាងឲ្យប្រទេសរបស់លោកនោះទេ ចាប់តាំងពីលោកត្រូវបានដាក់ចូលលេងជំនួស ក្នុងតង់ទី២ នៃការប្រកួតធ្វើជាម្ចាស់ផ្ទះ ឈ្នះ៥-០ លើក្រុមបូលីវី កាលពីខែតុលា ឆ្នាំ២០២០។ ប្រេស៊ីល នឹងជួបក្រុមឈីលី នៅពហុកីឡដ្ឋាន Maracana នាទីក្រុង Rio de Janeiro នៅថ្ងៃទី២៤ ខែមីនា និងជួបក្រុមបូលីវី នៅទីក្រុង La Paz ៥ថ្ងៃបន្ទាប់។

ក្រុមម្ចាស់ពានរង្វាន់ជើងឯក World Cup ៥លើកនេះ កំពុងនាំមុខគេ ក្នុងតារាងតំបន់អាមេរិកខាងត្បូង និងបានកក់កៅអីរួចជាស្រេចហើយ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ នៅប្រទេសកាតា ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំនេះ៕