(ស៊ីដនី)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី Graham Arnold បានបំពានវិធានការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កាលពីថ្ងៃអាទិត្យ ដោយបានបណ្តើរសត្វឆ្កែរបស់លោក ដើរនៅក្នុងទីក្រុង Sydney, នេះបើតាមការចេញផ្សាយពីវិទ្យុអូស្ត្រាលី 2GB នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

Arnold ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីការធ្វើតេស្តលើកចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន, នេះបើតាមសមាគមបាល់ទាត់អូស្ត្រាលី បានឲ្យដឹងកាលពីថ្ងៃសុក្រ។

អ្នកដែលត្រូវបានគេរកឃើញថា មានភាពវិជ្ជមានជំងឺកូវីដ១៩ នៅរដ្ឋ New South Wales ដែលមាន Sydney ជាទីក្រុងនោះ, ត្រូវតែធ្វើចត្តាឡីស័ក យ៉ាងហោចណាស់៧ថ្ងៃ។ ពួកគេអាចចាកចេញពីការធ្វើចត្តាឡីស័ក ក្នុងករណីដើម្បីទទួលការសង្គ្រោះបន្ទាន់ ឬក៏ដើម្បីទទួលការព្យាបាល និងការផ្គត់ផ្គង់តែប៉ុណ្ណោះ។

2GB បានចេញផ្សាយថា លោក Arnold ត្រូវបានគេឃើញ នៅឯឆ្នេរសមុទ្រទីក្រុង Sydney ជាមួយសត្វឆ្កែរបស់លោក។

សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី នឹងប្រកួតវគ្គជម្រុះ World Cup ប៉ះក្រុមជប៉ុន នាទីក្រុង Sydney នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មុនពេលធ្វើដំណើរទៅជួបក្រុមអារ៉ាប៊ីសាអូឌីត នៅទីក្រុង Jeddah នាថ្ងៃទី២៩ ខែមីនាខាងមុខ៕