(ម៉ូនិច)៖ Robert Lewandowski នៅតែជាកីឡាករម្នាក់របស់ក្លិបខ្លារខិន Bayern Munich នៃលីគកំពូលអាល្លឺម៉ង់ Bundesliga ដែលស៊ុតបានច្រើនជាគេ បើធៀបទៅនឹងកីឡាករឆ្នើមប្រចាំលីគធំៗទាំង៥ នៅតំបន់អឺរ៉ុប ដែលរូបគេជាខ្សែប្រយុទ្ធម្នាក់កំពុងរកបាន ៣១គ្រាប់នាំមុនគេ នៅពេល Karim Benzema របស់លីគអេស្ប៉ាញ La Liga កំពុងស៊ុតបាន ២២គ្រាប់ជាបណ្តោះអាសន្ន។

នៅពេលនេះដែរខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្លិប Juventus នៃលីគអ៉ីតាលី Serie A ក៏ស៊ុតបាន ២១គ្រាប់ ហើយខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិប Liverpool ក៏កំពុងរកបាន ២០គ្រាប់ នៅពេលដែលខ្សែប្រយុទ្ធ Ben Yedder រកបាន ១៧គ្រាប់ឲ្យក្លិបបារាំង Monaco ក្នុងលីគ Ligue 1 ពេលដែលការប្រជែងលីគទាំង៥ ជិតដល់បញ្ចប់រដូវកាល ២០២១-២២ នេះ។

គួររំលឹកផងថា រដូវកាលឆ្នាំ២០២០-២១ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប៉ូឡូញ Lewandowski ដែលលេងឲ្យក្លិប FC Bayern Munich សម្រាប់លីគអាល្លឺម៉ង់ Bundesliga រកបានដល់ទៅ ៤១គ្រាប់ក្លាយជាខ្សែប្រយុទ្ធម្នាក់ស៊ុតបានច្រើនគ្រាប់ជាងគេ ដែលមានខ្សែប្រយុទ្ធ Messi រកបាន ៣០គ្រាប់អំឡុងពេលលេងឲ្យក្លិប FC Barcelona ពេលដែល Cristiano Ronaldo រកបាន ២៩គ្រាប់ជាមួយក្លិប Juventus ហើយ Kylian Mbappe រកបាន ២៧គ្រាប់ឲ្យក្លិប PSG ដ្បិតខ្សែប្រយុទ្ធ Harry Kane រកបានត្រឹម ២៣គ្រាប់ឲ្យក្លិប Tottenham Hotspur នៃលីគអង់គ្លេស៕