(មេនឆេស្ទើ)៖ បិសាចក្រហម Manchester United មានការចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធជួរមុខ Richarlison របស់ Everton គ្រាដែលក្លិបស្ករគ្រាប់មួយនេះកំពុងស្ថិតក្នុងភាពត្រដាបត្រដួសនៅក្បែរតំបន់កាត់ចេញពីលីគកំពូលអង់គ្លេស Premier League នាពេលថ្មីៗនេះ។

សារព័ត៌មាន Goal បានចេញផ្សាយថា Man Utd ដែលដឹកដោយគ្រូបង្វឹកបណ្តោះអាសន្ន Ralf Rangnick នោះមានគម្រោងរៀបចំតំបន់ប្រយុទ្ធឡើងវិញ ដ្បិតតាំងពីដើមរដូវកាលនេះមក លំបាកក្នុងការរកគ្រាប់បាល់ជាខ្លាំង បើទោះបីជាមាន Cristiano Ronaldo វិលមករួមក្លិបជាលើកទី២ វិញក៏ដោយ។

ការចាប់អារម្មណ៍នេះ វាក៏ស្របទៅនឹងបំណងរបស់កីឡាករអន្តរជាតិប្រេស៊ីល Recharlison ផងដែរ ដែលចង់បន្តលេងនៅ Premier League ជាជាងទៅលេងនៅក្របខណ្ឌទី២ Championship នៅពេល Frank Lampard ដឹកនាំលំបាកក្នុងការទទួលបានជ័យជម្នះ។

បុរសសញ្ជាតិអាល្លឺម៉ង់ Rangnick បានបរាជ័យក្នុងការជួសជុលក្រុមឡើងវិញ ដែលទទួលតំណែងនេះ បន្ទាប់ពីលោក Ole Gunnar-Solskjaer ជាមួយគម្រោងបន្ទាប់ចង់ដាក់តែកីឡាករវ័យក្មេងៗនៅតំបន់ប្រយុទ្ធទៀតផង គ្រាដែលខ្សែប្រយុទ្ធចាស់វស្សាទាំងពីររួមមាន Cristiano Ronaldo និង Edison Cavani បានកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ សម្រាប់រដូវកាលក្រោយថាបានលេងនៅ Old Trafford ទៀតឬយ៉ាងណា?