(ភ្នំពេញ)៖ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ឆ្នាំ២០២២ (The 9th South East Asian Karate Championship) នឹងធ្វើការប្រកួតផ្លូវការពីថ្ងៃទី២៥-២៧ ខែមីនាក្នុងសប្ដាហ៍នេះ នៅមជ្ឈមណ្ឌលកីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអត្តពលិកមកពី ៩ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាការ៉ាតេកម្ពុជា ប្រតិភូ និងអត្តពលិកកីឡារ៉ាតេទាំង ៩ប្រទេស ដែលចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់នៅកម្ពុជានេះ គឺមានចំនួនសរុបជាង ២០០នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ១២១នាក់។ បច្ចុប្បន្នប្រតិភូ និងអត្តពលិកទាំងអស់ បានធ្វើដំណើរមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព ព្រមទាំងទទួលបានការបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្ដៅពីម្ចាស់ផ្ទះកម្ពុជា។ លើកលែងតែមីយ៉ាន់ម៉ា និងទីម័រខាងកើតប៉ុណ្ណោះ ដែលអវត្តមានក្នុងការប្រកួតនេះ។

ប្រភពដដែលបន្ដថា យុទ្ធនាការធ្វើម្ចាស់ផ្ទះការប្រកួតកីឡារ៉ាតេជើងឯកអាស៊ាននេះ គឺមានរយៈពេល ១សប្ដាហ៍ពេញ ពីថ្ងៃទី២១-២៧ ខែមីនា ពោលគឺមុនឈានដល់ការប្រកួតផ្លូវការ បន្ទាប់ពីការមកដល់របស់ប្រតិភូ និងអត្តពលិក ចាប់ពីថ្ងៃទី២២-២៤ ខែមីនា គឺមានកម្មវិធីជាច្រើន ដូចជារៀបចំសិក្ខាសាលាអាជ្ញាកណ្ដាល-ចៅក្រម, កម្មវិធីហ្វឹកហាត់, ពិធីជប់លៀងជូនប្រតិភូកីឡា, ប្រជុំបច្ចេកទេសអាជ្ញាកណ្ដាល-ចៅក្រម ពិសេសគឺការរៀបចំមហាសន្និបាតសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ (SEAKF) នៅថ្ងៃពុធស្អែកនេះតែម្ដង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជាធ្លាប់លើកឡើងក្នុងកិច្ចប្រជុំមុនការប្រកួតថា ព្រឹត្តិការណ៍នេះ គឺជាយុទ្ធសាស្ដ្រដ៏សំខាន់របស់សហព័ន្ធ ក្នុងការវិនិច្ឆ័យអំពីកម្រិតបច្ចេកទេសនៃការរៀបចំ សមត្ថភាព និងគុណផលរបស់កីឡាករ-កីឡាការិនីជម្រើសជាតិ បន្ទាប់ពីឆ្លងកាត់ការប្រមូលផ្ដុំហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេស ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ផង។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ CAMSOC ដដែលបន្ដថា នេះជាលើកទី១ ហើយ ដែលកីឡារ៉ាតេកម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ហើយក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់នេះ សហព័ន្ធប្ដេជ្ញានឹងរៀបចំធ្វើឲ្យបានល្អប្រសើរបំផុត តាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩ ជាមួយការអនុវត្តវិធានការសុខាភិបាលដ៏តឹងរឹង ដើម្បីធានានូវសុខសុវត្ថិភាពជូនប្រតិភូ និងអត្តពលិកចូលរួម ពិសេសគឺដើម្បីមុខមាត់ និងកិត្តិយសជាតិ៕