(ប៉េកាំង)៖ សួនកម្សាន្ត Disneyland នៅទីក្រុងសៀងហៃនៃប្រទេសចិន ត្រូវបានបិទទ្វារនាថ្ងៃចន្ទនេះ ដោយសារករណីឆ្លង COVID-19 កើនឡើង ស្របពេលដែលអាជ្ញាធរចិន កំពុងប្រឹងប្រែងគ្រប់គ្រងរលកឆ្លងរាតត្បាតថ្មីនៃជំងឺនេះអស់រយៈពេល២ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាលនៃទីក្រុងសៀងហៃ ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសចិន មានប្រជាជនចំនួន២៤ លាននាក់ បានបញ្ជាក់ពីការជៀសវាងការបិទអាជីវកម្ម និងកន្លែងសាធារណៈទូទាំងទីក្រុង ប៉ុន្តែបានអំពាវនាវដល់សាធារណជនឱ្យស្នាក់នៅផ្ទះប្រសិនបើអាចធ្វើទៅបាន។ តែយ៉ាងណា សេវារថយន្តក្រុងចូលទៅក្នុងទីក្រុង ត្រូវបានផ្អាក ហើយអ្នកទស្សនាតម្រូវឱ្យបង្ហាញការធ្វើតេស្តអវិជ្ជមាន។

ងាកមក ក្រុមហ៊ុន Disney ប្រចាំទីក្រុងសៀងហៃ បានឲ្យដឹងថា Disneytown និង Wishing Star Park នឹងត្រូវបិទរហូតមានការជូនដំណឹងថ្មីបន្ថែម ក្រោយករណីឆ្លងកូវីដ-១៩ថ្មី ត្រូវបានរកឃើញក្នុងទីក្រុងមួយនេះ។

ជាក់ស្តែង នៅថ្ងៃសប្តាហ៍នេះ ទីក្រុងសៀងហៃ ត្រូវបានរាយការណ៍ថា មានករណីឆ្លងកូវីដ-១៩ ចំនួន២៤ករណី។ ចំនួនករណីឆ្លងកូវីដ-១៩ នៃរលកថ្មីក្នុងប្រទេសចិន គឺមានចំនួនទាប បើប្រៀបធៀបទៅនឹងបណ្តាប្រទេសដទៃទៀត ក៏ប៉ុន្តែអាជ្ញាធរចិន គឺកំពុងតែអនុវត្តន៍គោលការណ៍ «គ្មានកូវីដ-១៩» ដូច្នេះ ដោយឈរលើយុទ្ធសាស្ត្រនេះ គឺមានការហាមមិនឲ្យចូលទីក្រុងធំៗមួយចំនួនផងដែរ ដើម្បីទប់ស្កាត់ការឆ្លង៕