(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញយក្សរបស់ចិន Alibaba Group Holding Ltd បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួនបានបង្កើនកម្មវិធីទិញយកភាគហ៊ុនត្រឡប់មកវិញរបស់ខ្លួនរហូតដល់ទៅ ២៥ពាន់លានដុល្លារអាមេរិក ដែលពីមុនមានតម្លៃត្រឹមតែ ១៥ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

បើតាមការឱ្យដឹងពីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សដែលចុះបញ្ជីនៅផ្សារហ៊ុនអាមេរិកមួយនេះ នៅថ្ងៃអង្គាថា កម្មវិធីទិញយកមកវិញនឹងមានប្រសិទ្ធភាពសម្រាប់រយៈពេលពីរឆ្នាំរហូតដល់ខែមីនា ឆ្នាំ២០២៤ ឯណោះ។

គិតត្រឹមថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Alibaba បានឱ្យដឹងថា ខ្លួនបានទិញយកបង្កាន់ដៃប្រាក់បញ្ញើរបស់អាមេរិក(ADR) សរុបចំនួន ៥៦.២លានហ៊ុនក្រោមកម្មវិធីទិញត្រឡប់មកវិញដែលបានប្រកាសពីមុនសម្រាប់ការពិចារណាសរុបប្រហែល ៩.២ពាន់លានដុល្លារអាមេរិក។

ដោយឡែក Alibaba បានបញ្ជាក់ដែរថា ខ្លួនបានតែងតាំងលោក Weijian Shan ដែលជាប្រធានប្រតិបត្តិនៃក្រុមវិនិយោគ PAG ជានាយកឯករាជ្យនៃក្រុមប្រឹក្សារបស់ Alibaba។ ដោយការតែងតាំងរបស់លោក Weijian Shan នឹងចូលជាធរមាន ចាប់ពីថ្ងៃទី៣១ ខែមីនា នេះតទៅ ហើយលោកនឹងបម្រើការនៅក្នុងគណៈកម្មាធិការសវនកម្មរបស់ក្រុមប្រឹក្សាភិបាល Alibaba ផងដែរ៕