(បាសែល)៖ សហព័ន្ធកីឡាវាយសីពិភពលោក (BWF) បានបញ្ជាក់នៅថ្ងៃអង្គារថា ក្រុមកីឡាវាយសីរបស់ចិនបានរាយការណ៍ពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួនពីរបីករណី និងបានដកខ្លួនចេញពីការប្រកួតនៅក្នុងព្រឹត្តិការណ៍ 2022 YONEX Swiss Open។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

BWF បានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា សមាគមកីឡាវាយសីចិនបានរាយការណ៍ពីការរកឃើញករណីវិជ្ជមាន ២-៣ករណី ព្រមទាំងកីឡាករមួយចំនួននៅក្នុងក្រុម បានទទួលរងរបួសផងដែរ។

ដោយបារម្ភពីសុខមាលភាព និងសុវត្ថិភាពនៃគ្រប់អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ ក្រុមចិនបានដកកីឡាករទាំងអស់របស់ខ្លួនចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ Swiss Open។

ក្រុមកីឡាវាយសីចិន បានចាប់ផ្តើមចូលរួមការប្រកួតអន្តរជាតិរាប់ចាប់ពីព្រឹត្តិការណ៍ German Open កាលពីដើមខែមីនា ហើយបន្ទាប់មកបានចូលរួមក្នុងព្រឹត្តិការណ៍ All England ថែមទៀត។

យោងតាមសមាគមចិនបានបញ្ជាក់ថា កីឡាករមួយចំនួនមានរោគសញ្ញាផ្តាសាយ បន្ទាប់ពីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នានាកន្លងទៅ៕