(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Suzuki Motor Corp និង ក្រុមហ៊ុន «រថយន្តហោះ» SkyDrive Inc បានបង្ហាញនៅថ្ងៃអង្គាថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីសហការគ្នាក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ ដើម្បីផលិតរថយន្តហោះអគ្គីសនី។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២បានឱ្យដឹងថា សម្រាប់ទីផ្សារថ្មីរវាងក្រុមហ៊ុនវិនិយោគទាំងនេះនឹងផ្តោតទៅលើប្រទេសឥណ្ឌា ជាកន្លែងដែល Suzuki មានចំណែកប្រហែលពាក់កណ្តាលនៃទីផ្សាររថយន្តនៅទីនោះ។ ស្របជាមួយគ្នានេះ Suzuki ក៏គ្រោងនឹងវិនិយោគទឹកប្រាក់រហូតដល់ទៅ ១០៤.៤ ពាន់លានរូពី(ប្រហែល ១.៣៧ពាន់លាដុល្លារអាមេរិក) នៅក្នុងរោងចក្រនៅប្រទេសឥណ្ឌាផងដែរ ដើម្បីផលិតរថយន្តអគ្គិសនី និងអាគុយអគ្គីសនី។

ដោយឡែកក្រុមហ៊ុន SkyDrive ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៨ ដែលមានទីស្នាក់ការកណ្តាលនៅក្នងទីក្រុងតូក្យូ ដោយបច្ចុប្បន្នកំពុងតែចូលរួមក្នុងការអភិវឌ្ឍរថយន្តហោះដើរដោយថាមពលអគ្គីសនីដែលមានកៅអីពីរតូច ជាមួយនឹងផែនការសម្រាប់ផលិតកម្មពេញលេញ។

គួរជម្រាបដែរថា ការសហការរួមគ្នារវាងក្រុមហ៊ុនទាំងពីរដែលផ្តោតទៅលើការអភិវឌ្ឍរថយន្តហោះដែលគ្មានមនុស្សបើកសម្រាប់ដឹកទំនិញនេះ មានបំណងចាប់ផ្តើមសេវាកម្ម«រថយន្តហោះ» នៅទីក្រុងអូសាកាក្នុងឆ្នាំ ២០២៥ នៅពេលដែលទីក្រុងជប៉ុនធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោក៕