(មេនឆេស្ទើ)៖ ខ្សែបម្រើ Paul Pogba ដែលនឹងផុតកិច្ចសន្យា ៦ឆ្នាំជាមួយក្លិប Manchester United នៅចុងបញ្ចប់រដូវកាលនេះ ត្រូវបានចោរលួចមេដាយមាសដែលរូបគេឈ្នះពាន World Cup 2018 ជាមួយជម្រើសជាតិមាន់គកបារាំងនៅរុស្ស៊ីទៅបាត់។
កាលសប្តាហ៍មុន ផ្ទះរបស់កីឡាករវ័យ ២៩ឆ្នាំខាងលើនេះ ត្រូវចោរចូលលួចទ្រព្យសម្បតិ្តនៅពេលរូបគេបានបំពេញតួនាទីជួយ Man Utd នៅពានអឺរ៉ុប UEFA Champions League ទល់នឹងក្រុមអេស្ប៉ាញ Atletico Madrid និងមេដាយមាសនៅ World Cup 2018 ក៏ត្រូវបានក្រុមចោរលួចទៅផងដែរ។
កីឡាករអន្តរជាតិបារាំងបានចាត់ទុកថា «នេះគឺជាសុបិនដ៏អាក្រក់សម្រាប់គេដ្បិតក្លិបក៏ជ្រុះចេញពី Champions League ត្រឹមវគ្គ ១៦ក្រុម និងផ្ទះក៏ត្រូវចោរគាស់យកទ្រព្យសម្បតិ្តទៀត រួមទាំងមេដាយមាស World Cup ទៀតផង»។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក Le Figaro នៅមុនពេលហ្វឹកហាត់ជុំគ្នាក្នុងក្រុមជម្រើសជាតិបារាំង Pogba បានឲ្យដឹងថា គ្រួសាររបស់លោកបានបាត់បង់គ្រឿងអលង្ការមួយចំនួនដែលជារបស់ម្តាយ រួមទាំងមេដាយមាស World Cup គ្រាដែលថ្ងៃកើតហេតុកូនទាំងពីរ និងម៉ែដោះបាននៅផ្ទះ ដែលជាហេតុធ្វើឲ្យ Pogba មានការតក់ស្លុតជាខ្លាំង។
បច្ចុប្បន្ន Paul Pogba បានកំពុងចូលរួមជាមួយជម្រើសជាតិបារាំងក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមកូដឌីវ័រ និងអាហ្រ្វិកខាងត្បូងក្នុងជំនួបមិត្តភាពអន្តរជាតិចុងខែនេះ និងជាកីឡាករដែលផ្ទេរចេញពី Juventus កាលឆ្នាំ២០១៦ ក្នុងតម្លៃបំបែកកំណត់ត្រា ៨៩លានផោន ក្នុងការវិលទៅលេងឲ្យបិសាចក្រហម Man Utd ជាលើ់កទី២៕