(ក្រុងឡុងដ៍)៖ ទាំងអភិបាលក្រុង Liverpool និង Manchester ស្នើឲ្យមានការប្តូរទីលានប្រកួតពាន FA Cup វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ គ្រាដែលផ្លូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Wembley មានការជួសជុល។
តាមកាលបច្ឆេទពាន FA Cup វគ្គ ៤ក្រុមចុងក្រោយរវាង Crystal Palace ប៉ះតោខៀវ Chelsea និង Lvierpool ជួប Manchester City ផងនោះ នឹងធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែមេសា ឆ្នាំ២០២២ ចំពេលដែលផ្លូវពីទីក្រុងទាំងពីរខាងលើពុំមានផ្លូវរថភ្លើងធ្វើដំណើរទៅកាន់ទីក្រុង London ទីតាំងកីឡដ្ឋាន Wembley ឡើយ ព្រោះធ្វើការជួសជុលចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា។
លោក Andy Burnham អភិបាលប្រចាំទីក្រុង Manchester រួមទាំងលោក Steve Rotheram អភិបាលក្រុង Liverpool បានថ្លែងប្រាប់ BBC ស្រដៀងគ្នាថា «គ្រប់ Games តែងតែត្រូវការភាពងាយស្រួលនៅកីឡដ្ឋាន ដែលរួមបញ្ចូលទាំងថ្លៃធ្វើដំណើរច្រើនពេកទេ ជាពិសេសសម្រាប់អ្នកគាំទ្រនៃក្រុមទាំងពីរតែម្តង។ ការសម្រេចផ្លាសប្តូរទីលាន ក៏ជាការកាត់បន្ថយនូវការធ្វើដំណើរដ៏វែងឆ្ងាយផងដែរ និងកកស្ទះចរាចរណ៍ទៀតផង ក៏ព្រោះតែចំថ្ងៃសម្រាកវិស្សមកាល»។
គួរបញ្ជាក់ផងថា Wembley ជាពហុកីឡដ្ឋានវ័យចំណាស់របស់អង់គ្លេស ដែលតែងតែប្រើប្រាស់សម្រាប់ការប្រកួតធំៗ ផ្តាច់ព្រ័ត្រជាដើម ដ្បិតអង់គ្លេស ប៉ះអ៉ីតាលី ដណ្តើមពាន Euro 2020 និងផ្តាច់ព្រ័ត្ររវាង Liverpool ទល់នឹង Chelsea នៅពាន Carabao Cup ក៏ត្រូវបានធ្វើនៅទីនេះដូចគ្នា និងត្រៀមធ្វើជាទឹកដីការប្រកួតរវាងអ៉ីតាលី ដែលជាជើងឯកអឺរ៉ុប ទល់នឹងអាហ្សងទីនដែលជាជើងឯក Copa America នាថ្ងៃទី០១-មិថុនាទៀតផង៕