(បរទេស)៖ ប៉ុន្មានថ្ងៃមុននេះសេវាកម្មរបស់ Apple ត្រូវបានបិទ រួមមាន Apple Music, Mobile App Store និង Podcasts បន្ទាប់ពីមានបញ្ហាដាច់ភ្លើងអស់រយៈពេលពីរថ្ងៃជាប់ៗគ្នា ហើយគិតមកទល់ពេលនេះ មានសេវាកម្មមួយចំនួនបានដំណើរការវិញ ក៏ប៉ុន្តែនៅមិនទាន់ដំណើរការបានល្អទាំងស្រុងនោះទេ ដោយនៅមានភាពរអាក់រអួនៅឡើយ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ចំពោះការគាំងមិនដំណើរការនៅថ្ងៃអង្គារម្សិលមិញនេះ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងទៅដល់សេវាកម្មជាច្រើនរួមមាន Mac App Store អ្នកប្រើប្រាស់ Apple Card, Apple Books, iCloud Web Apps និង Weather ជាដើម។ រីឯការគាំងនៅថ្ងៃចន្ទវិញបានរងផលប៉ះពាល់ទៅដល់សេវាកម្មចំនួន ១១ របស់ក្រុមហ៊ុន Apple រួមទាំង Arcade និង Maps ផងដែរ។

ទន្ទឹមនឹងការគាំងរយៈពេលពីរថ្ងៃជាប់ៗគ្នាខាងលើនេះ Apple មិនបានបញ្ជាក់ទេថាបណ្តាមកពីមូលហេតុអ្វី តែបើតាមប្រភពពី Bloomberg News បានរាយការណ៍ថា Apple បានប្រាប់ទៅបុគ្គលិកថា ការគាំងមិនដំណើរការនេះបណ្ដាលមកពីប្រព័ន្ធ Domain Name ឬ DNS៕