(កំពត)៖ ទីក្រុងបូកគោថ្មី បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងលំនៅដ្ឋានលើគម្រោងធំៗចំនួន៣ ដែលបានលក់អស់មួយចំនួន និងកំពុងលក់បន្ត ដោយមានការចាប់អារម្មណ៍ច្រើន ពីប្រជាពលរដ្ឋ ជាពិសេសអ្នកចង់ បានផ្ទះលំហែរកាយ។ នេះបើតាមលោក សាយ សុភ័ត្រា នាយកផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន សុខាអូតែល។

គម្រោងធំៗទាំង៣បីនោះ រួមមាន គម្រោងទី១៖ ឈ្មោះ «អម្រិតឋានសួគ៌» ដែលមានទំហំដីជាង៨០ហិកតា និងមានដីចំនួនជាង៤២០០ឡូត៍ ដែលគម្រោងនេះ មានទីតាំងនៅក្បែរទឹកជ្រោះពពកវិល។ បច្ចុប្បន្នគំរោងនេះ បានលក់អស់ហើយ និងកំពុងសាងសង់ផ្ទះជូនអតិថិជន និងផ្ទះវីឡាមួយចំនួន កំពុងដាក់លក់លើទីផ្សារ។

គម្រោងទី២៖ ឈ្មោះ «មរកតឋានសួគ៌» ដែលមានផ្ទៃដី៨៨ហិកតា និងមានផ្ទះវីឡាជាង១៣០០វីឡា ដែលបច្ចុប្បន្ន បានលក់អស់ផងដែរ និងកំពុងសាងសង់ផ្ទះជូនអតិថិជន។

ចំណែកទី៣៖ ឈ្មោះ «Crown Real Estate» មានទំហំដី៥៩០ហិកតា ដែលបច្ចុប្បន្នបានសាងសង់ផ្ទះ បានបីដំណាក់កាលរួចហើយ ដើម្បីលក់ជូនអតិថិជន ដោយមានផ្ទះចំនួន៣ប្រភេទ ដូចជា៖ ផ្ទះល្វែង ដីឡូត៍ វីឡាព្រីន វីឡាឃ្វីន និងវីឡាឃីង ដែលមានតម្លៃជាង១៦ម៉ឺន ដល់ជាង៣៥ម៉ឺនដុល្លារអាមេរិក។

គម្រោងនេះ បានទទួលជោគជ័យយ៉ាងខ្លាំង ដែលមានផ្ទះល្វែង១៦៨យូនីត និងវីឡាទាំងបីប្រភេទ មានជាង១២០ល្វែង។ អតិថិជនភាគច្រើន មកពីខេត្តកំពត ភ្នំពេញ កំពង់សោម តាកែវ និងរាជធានីភ្នំពេញ។

លោក សាយ សុភ័ត្រា បានឲ្យដឹងទៀតថា ក្រុមហ៊ុន ក៏បាននិងកំពុងត្រៀម សាងសង់មន្ទីរពេទ្យ សាលារៀន ផ្សារ សម្រាប់បំពេញតម្រូវការ ឲ្យអ្នករស់នៅទទួលបានសេវាកម្មចាំបាច់ សម្រាប់ការរស់នៅ និងជីវភាពប្រចាំថ្ងៃ របស់ពួកគាត់ផងដែរ។

អ្នកឧកញ៉ា សុខ គង់ ប្រធាន និងប្រធាននាយកប្រតិបត្ដិ នៃក្រុមហ៊ុន សូគីម៊ិច អ៊ិនវេសមេន គ្រុប បានឲ្យដឹងថា ទីក្រុងបូកគោ ដែលបានរកឃើញ ដោយជនជាតិបារាំងជាភ្នំដ៏ខ្ពស់ និងមានលក្ខណៈពិសេសជាងគេនៅកម្ពុជា ដោយសារភ្នំនេះ មានកម្ពស់ជាង១០០០ម៉ែត្រ ដែលផ្តល់នូវទិដ្ឋភាពស្រស់ត្រកាល ព្រៃឈើត្រូវបានអភិរក្ស ព្រោះវាជាតំបន់ឧទ្យានជាតិ។

អ្នកឧកញ៉ាបន្ដទៀតថា លក្ខខ័ណ្ឌអាកាសធាតុនេះ មានសីតុណ្ហភាពជាមធ្យម១៧ ទី១៨អង្សារសេ នៅពេលរាត្រី ដែលខ្យល់អាកាសបែបនេះ ត្រូវបានអ្នកជំនាញស្រាវជ្រាវផ្នែកសុខភាព បានឲ្យដឹងថា ខ្យល់អាកាសនៅភ្នំបូកគោ អាចជួយសុខភាពមនុស្សបានយ៉ាងប្រសើរ ពិសេសអាចជួយអ្នកមានជំងឺសួតបានទៀតផង។

អ្នកឧកញ៉ា សុខ គង់ បានលើកឡើងថា នាពេលបច្ចុប្បន្ន ទីក្រុងបូកគោថ្មី មានផ្លូវជាតិថ្មីមួយខ្សែ ដែលមានបណ្តោយ ជាង១២០គីឡូម៉ែត្រ បាននិងកំពុងសាងសង់ យ៉ាងសកម្ម បុរីចំនួន៣ បាននិងកំពុងផ្តល់លំនៅដ្ឋាន ដល់អតិថិជនបណ្តើរៗ ហើយអាងទប់ទឹក ដែលអាចផ្ទុកទឹកបានរហូត ដល់១លានម៉ែត្រគីប បាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្ម។

ជាមួយគ្នានេះ អ្នកឧកញ៉ា សុខ គង់ ក៏បានអំពាវនាវដល់អ្នកវិនិយោគជាតិ ជាពិសេសអ្នកវិនិយោគអន្តរជាតិ ដែលចង់វិនិយោគ គម្រោងផ្សេងៗលើទីក្រុងនេះ អាចចចារជាមួយក្រុមហ៊ុនដើម្បីជួលបន្តបាន តាមកិច្ចសន្យាជាមួយក្រុមហ៊ុន ដែលបានទទួលសិទ្ឋសម្បទានជួល ពីរដ្ឋាភិបាលកម្ពុជា។

គូសបញ្ជាក់ថា ទីក្រុងបូកគោ ដែលគ្របដណ្តប់លើផ្ទៃដី៣០,០០០ហិកតា នឹងក្លាយជាទីតាំងមួយ ទាក់ទាញការ វិនិយោគពីសំណាក់ អ្នកវិនិយោគជាតិ អន្តរជាតិ ជាពិសេសនឹងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បានយ៉ាងប្រសើរ ក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

បច្ចុប្បន្ន ក្រុមហ៊ុនបានសាងសង់ផ្លូវថ្មីមួយខ្សែ ចេញពីតំបន់ស្រែ៥០០ ទៅកាន់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១៥៨ និងមួយខ្សែទៀត ជាខ្នែងផ្លូវឆ្ពោះទៅកាន់កំពូលភ្នំបូកគោ ដែលស្ថិតនៅផ្នែកផ្សេងទៀត។ បច្ចុប្បន្នផ្លូវនេះ បានឈូសឆាយជាង១១គីឡូម៉ែត្ររួចហើយ។

ផ្លូវដ៏សំខាន់នេះ មានប្រវែង១២៧គីឡូម៉ែត្រ ដែលវានឹងជួយសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជួយសេដ្ឋកិច្ចជាតិ ពិសេសអ្នកចង់មកលេងកំសាន្ត នៅទីក្រុងបូកគោ អាចមកតាមផ្លូវជាតិលេខ៤ ហើយបើកត្រង់តាមផ្លូវនេះ មកកាន់ទីក្រុងបូកគោតែម្តង៕