(កូរ៉េ)៖ តារាសម្តែងប្រុសល្បីឈ្មោះរបស់កូរ៉េខាងត្បូង Lee Min-ho បានលេចវត្តមានក្នុងរឿងភាគថ្មីមួយចំណងជើងថា «Pachinko» (ផាឈីនកូ) ដែលផលិតឡើងដោយផ្អែកលើសៀវភៅប្រលោមលោក ចំណងជើងដូចគ្នា និងឆ្លុះបញ្ចាំងអំពីជីវិតរយៈពេលបួនជំនាន់នៃគ្រួសារជនភៀសខ្លួនកូរ៉េខាងត្បូងមួយ ដែលបានចាកចេញពីប្រទេសកំណើតដើម្បីទទួលបានជីវិតថ្មី ជៀសផុតពីការគាបសង្កត់របស់រដ្ឋាភិបាលជប៉ុន។ តាមរយៈការសម្តែងក្នុងរឿងនេះ Lee Min-ho បង្ហើបថា លោករៀនសូត្របានច្រើនពីប្រវត្តិសាស្ត្រក្នុងប្រទេសរបស់ខ្លួន។
តាមរយៈចូលរួមកិច្ចសម្ភាសន៍នាពេលថ្មីៗនេះជាមួយកាសែត The Korea Times តារាប្រុសវ័យ៣៤ឆ្នាំ Lee Min-ho បាននិយាយពីអ្វីដែលលោកបានរៀនអំពីប្រវត្តិសាស្រ្តកូរ៉េ-ជប៉ុន ពេលកំពុងធ្វើការលើរឿងភាគ និងរបៀបដែលវាប៉ះពាល់ដល់លោកក្នុងនាមជាតារាសម្តែង។ លោកនិយាយថា «រាល់ម៉ោងការងារខ្ញុំព្យាយាមចាប់យកការពិត ប៉ុន្តែស៊េរីរឿងនេះមានភាពខុសប្លែកគ្នា និងមានភាពស៉ីជម្រៅរបស់វា។ ខ្ញុំបានព្យាយាមផ្តោតលើការយល់ដឹងពីអារម្មណ៍ និងមនោសញ្ចេតនារបស់មនុស្សពីសម័យនោះ»។
តារារូបនេះបានសង្កត់ធ្ងន់ថា កាលពីជំនាន់នោះ គឺមនុស្សគ្រប់រូបគ្មានជម្រើស គ្មានក្តីស្រមៃអ្វីទាំងអស់ ពោលគឺគ្មានសូម្បីដែលស្នាមញញឹម។ លោកនិយាយថា ខ្លួនពិតជាមានសំណាងណាស់ ដែលបានកើតនៅសម័យកាលទំនើបដូចបច្ចុប្បន្ន។
វត្តមានរបស់កំពូលតារាសម្ដែង Lee Min-Ho គឺដើរតួជាតួអង្គឈ្មោះ Koh Hansu រួមជាមួយតារាសម្ដែងជើងចាស់ Yuh-Jung Youn និងតារាសម្ដែង Jin Ha ជាដើម។ ថតនៅប្រទេសចំនួនបីរួមមានកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងលើសេវាកម្ម Apple TV+ ចាប់ពីថ្ងៃទី២៥ ខែមីនា ដោយនឹងមានសរុបចំនួន៨ភាគ៕