(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យកីឡាជាតិកូរ៉េ។

ពិធីចុះហត្ថលេខាបានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកសាស្រ្តាចារ្យ Yong-Kyu Anh សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកីឡាជាតិកូរ៉េ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នាពេលនេះ គឺជាចំណុចចាប់ផ្តើមថ្មីមួយលើការអភិវឌ្ឍការសិក្សា អប់រំ ផ្នែកវិទ្យាសាស្ត្រកីឡា និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងទ្វេភាគីរវាងកម្ពុជានិងកូរ៉េ។

លោកសាស្រ្តាចារ្យ Yong-Kyu Anh សាកលវិទ្យាល័យជាតិកូរ៉េ មាន ៣មហាវិទ្យាល័យ តែមានបង្រៀនផ្នែកកីឡាច្រើនណាស់ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងនោះមាននិស្សិតប្រមាណ ៣០០០នាក់ កំពុងសិក្សាក្នុងសាកលវិទ្យាល័យ។

លោកបន្តថា «បន្ទាប់ពីចុះអនុស្សារណៈយោគយល់គ្នាហើយ យើងសង្ឃឹមថានឹងបានបញ្ជូនកីឡាករ ដែលមានសមត្ថភាពពីកម្ពុជា ទៅកាន់សាកលវិទ្យាល័យរបស់យើងខ្ញុំ ហើយសាកលវិទ្យាល័យរបស់យើងខ្ញុំនឹងរ៉ាប់រងលើការរស់នៅ ចំណីអាហារ ក៏ដូចជាការហ្វឹកហ្វឺនផងដែរ ប៉ុន្តែសាម៉ីខ្លួន ត្រូវទទួលបន្ទុកលើមធ្យោបាយធ្វើដំណើរ។ ខ្ញុំក៏សង្ឃឹមថា ខាងកម្ពុជានឹងបញ្ជូនកីឡាករ ដែលមានសក្តានុពល ដែលអាចទទួលបានមេដាយ លើផ្នែកដូចជា តៃក្វាន់ដូ យូដូ ក៏ដូចជាបុកសីង ជាដើម»។

លោកសាស្រ្តាចារ្យ Yong-Kyu Anh បានបន្ថែមថា បើតាមលក្ខណៈរាងកាយរបស់កម្ពុជា គឺត្រូវនឹងប្រភេទកីឡាប្រមាណ ៣ ទៅ ៤ប្រភេទ ដែលកម្ពុជាកំពុងមាន ហើយដែលសាកលវិទ្យាល័យជាតិកូរ៉េ មានលទ្ធភាពបណ្តុះបណ្តាលក្នុងរយៈពេលខ្លី ដើម្បីឲ្យកីឡាករទាំងនោះ ទទួលបានមេដាយ និងលទ្ធផលល្អ។ លោកសន្យាថា នឹងប្រឹងប្រែងលើកិច្ចសហប្រតិបត្តិការនេះ និងការពង្រឹងវិស័យកីឡារបស់កម្ពុជាផងដែរ។

លោកសាស្រ្តាចារ្យ Yong-Kyu Anh ថ្លែងដោយក្តីគោរពទៀតថា «កម្ពុជា-កូរ៉េ យើងនឹងក្លាយជាគ្រួសារតែមួយ លើវេទិកាអន្តរជាតិ»

ស្របពេលជាមួយគ្នានេះ លោកបណ្ឌិត ជេត ជាលី បានសម្តែងក្តីរីករាយចំពោះសាកលវិទ្យាល័យជាតិកូរ៉េ ដែលបានមកចាប់ដៃជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីបង្ហាញពីឆន្ទៈលើកកម្ពស់វិស័យកីឡា ដល់កម្ពុជាទាំងមូល។ ដូចលោកសាស្រ្តាចារ្យ Yong-Kyu Anh គឺលោកបណ្ឌិត ជេត ជាលី ប្តេជ្ញាអនុវត្តកិច្ចសហប្រតិបត្តិការនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

លោកបន្តថា «ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យើងខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការងារឲ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះឲ្យបានល្អ។

សូមជម្រាបថា សាកលវិទ្យាល័យកីឡាជាតិកូរ៉េ បានសម្រេចផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង ដល់អត្តពលិកកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ រយៈពេល ១ឆ្នាំ ។ ក្នុងនោះកម្ពុជា បានរៀបចំបញ្ជូនគ្រូបង្វឹក និងកីឡាករ សរុបចំនួន ២០នាក់ រួមមាន មន្ត្រី ១រូប គ្រូបង្វឹក ២រូប និងអត្តពលិក ១៧រូប មកពីសហព័ន្ធកីឡាឃីកបុកសីង សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា សហព័ន្ធកីឡាយូដូកម្ពុជា សហព័ន្ធកីឡាគុនដាវកម្ពុជា និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត៕