(សៀមរាប)៖ ក្លិបកីឡាបាល់ទាត់សៀមរាបយូណាយធីត បានជ្រើសតាំងលោកឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជាប្រធានកិត្តិយសរបស់ក្លិប។

ក្លិបកីឡាបាល់ទាត់សៀមរាបយូណាយធីត បានសម្តែងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងរីករាយជាទីបំផុត ចំពោះវត្តមានឧត្តមនាវីឯក ទៀ សុខា ជាប្រធានកិត្តិយសរបស់ក្លិប។ ក្លិបបានលើកឡើងថា វត្តមានឧត្ដមនាវីឯក ទៀ សុខា ជាការរួមចំណែកមួយផ្នែកធំនៅក្នុងការអភិវឌ្ឍយុវជនថ្នាលនៅក្នុងខេត្តសៀមរាប ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា។

សូមបញ្ជាក់ថា ក្លិបបាល់ទាត់សៀមរាបយូណាយធីត (Siem Reap United Football Club) គឺជាអនាគតក្លិបបាល់ទាត់អាជីពមួយ ដែលមានមូលដ្ឋានគ្រឹះនៅក្នុងខេត្តសៀមរាប និងមានឈ្មោះក្រៅផ្លូវការថា «អេស អរ យូ (The SRU)»។ ក្លិបបានចាប់បដិសន្ធិជាផ្លូវការនៅក្នុងខែមករា ឆ្នាំ២០១៩ ដោយមានលោក លី សេងហួរ ជាស្ថាបនិករបស់ក្លិប និងបានប្រសិទ្ធនាមឈ្មោះកីឡដ្ឋានថា «អេស អរ យូ (SRU)» បច្ចុប្បន្ននឹងប្តូរទៅជាកីឡដ្ឋាន «ហនុមាន (Hanuman Stadium)»

ក្លិបបាល់ទាត់សៀមរាបយូណាយធីត មានស្នាក់ការកណ្ដាលនៅផ្លូវសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក្រវ៉ាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយជ្រុំ ក្រុងសៀមរាប ខេត្តសៀមរាប។ កីឡដ្ឋាន អេស អរ យូ សាងសង់លើផ្ទែដៃសរុប ២៧,០០០ម៉ែត្រការ៉េ និងមានទីលានបាល់ទាត់ពីរប្រភេទ គឺទីលានស្មៅធម្មជាតិ ទំហំ ៦៨ម៉ែត្រ គុណ ១០៤ម៉ែត្រ ដែលអាចផ្ទុកអ្នកទស្សនាបានជិត ៥,០០០នាក់ និងទីលានបាល់ទាត់ស្មៅសិប្បនិម្មិត ទំហំ ៤០ម៉ែត្រ គុណ ៦៤ម៉ែត្រ។

បច្ចុប្បន្នក្លិបបាល់ទាត់សៀមរាបយូណាយធីត មានទស្សនៈវិស័យវែងឆ្ងាយក្នុងការបណ្តុះបណ្តាលយុវជន ស្របទៅតាមគំនិតថ្នាក់ដឹកនាំ ដើម្បីនាំទៅភាពជាកីឡាករអាជីពនាអនាគត ក៏ដូចជាការរួមលើកមុខមាត់ខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលលើឆាកអន្តរជាតិ៕