(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា មន្ត្រី គ្រូបង្វឹក និងកីឡាករ ២០នាក់ នឹងទៅហ្វឹកហាត់នៅសាកលវិទ្យាល័យជាតិកូរ៉េ ប្រទេសកូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ) តាមរយៈការផ្តល់អាហារូបករណ៍ ពីសាកលវិទ្យាល័យដ៏ល្បីផ្នែកកីឡាមួយនេះ។

លោកថ្លែងបែបនេះ ក្នុងឱកាសតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

លោក ស សុខា បានថ្លែងថា សាកលវិទ្យាល័យកីឡាជាតិកូរ៉េ បានសម្រេចផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង ដល់អត្តពលិកកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ រយៈពេល ១ឆ្នាំ។ ក្នុងនោះកម្ពុជា បានរៀបចំបញ្ជូនគ្រូបង្វឹក និងកីឡាករ សរុបចំនួន ២០នាក់ រួមមាន មន្ត្រី ១រូប គ្រូបង្វឹក ២រូប និងអត្តពលិក ១៧រូប មកពីសហព័ន្ធកីឡាឃីកបុកសីង សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា សហព័ន្ធកីឡាយូដូកម្ពុជា សហព័ន្ធកីឡាគុនដាវកម្ពុជា និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត។

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់សំណូមពរ យ៉ាងដូច្នេះយ៉ាងដូច្នេះដែរថា «តាមរយៈការផ្តល់អាហារូបករណ៍ ២០កន្លែងនេះ គឺផ្តល់ឱកាសឲ្យមន្ត្រី អត្តពលិក និងគ្រូបង្វឹកកម្ពុជា បានទៅហ្វឹកហាត់។ សហព័ន្ធកីឡា (ដែលពាក់ព័ន្ធនឹងការបញ្ជូនមន្ត្រី អត្តពលិក និងគ្រូបង្វឹក) សូមយកឱកាសនេះ ជាឱកាសមាស ឱកាសពេជ្ររបស់ខ្លួន ដើម្បីយកចំណេះដឹង ទៅបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ទៅបង្វាត់ឲ្យមន្ត្រីក្រោមឱវាទនៃសហព័ន្ធរបស់ខ្លួនផងដែរ»

សូមជម្រាបថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នាពេលនេះ គឺជាចំណុចចាប់ផ្តើមថ្មីមួយលើការអភិវឌ្ឍការសិក្សា អប់រំ ផ្នែកវិទ្យាសាស្ត្រកីឡា និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងទ្វេភាគីរវាងកម្ពុជានិងកូរ៉េទៀតផង។

ពិធីចុះហត្ថលេខាបានធ្វើឡើងដោយលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកសាស្រ្តាចារ្យ Yong-Kyu Anh សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកីឡាជាតិកូរ៉េ។ នៅសាធារណរដ្ឋកូរ៉េ គឺវិស័យកីឡាមិនស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអប់រំនោះទេ ហេតុនេះហើយបានជាតម្រូវឲ្យសាកលវិទ្យាល័យជាតិកូរ៉េ ចាប់ដៃគ្នាជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីលើកកម្ពស់វិស័យកីឡានៅកម្ពុជា។

ប្រតិភូនៃសាកលវិទ្យាល័យជាតិកូរ៉េ ដឹកនាំដំណើរបេសកកម្មដោយលោកសាស្ដ្រាចារ្យ Yong-Kyu Ahn រយៈពេល ៤ថ្ងៃ (២១-២៤ មីនា ឆ្នាំ២០២២) នៅកម្ពុជា ហើយក្រៅពីអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកសាស្ត្រសាចារ្យ ក៏នឹងអញ្ជើញទស្សនកិច្ច លើការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ កម្ពុជាលើប្រភេទកីឡា មួយចំនួន ដូចជាអត្តពលកម្ម តេក្វាន់ដូ និងយូដូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងប្រភេទកីឡាគុនដាវ និងប្រដាល់សកល នៅសកលវិទ្យាល័យ - វិទ្យាល័យនានាទៀតផង។

លោកសាស្រ្តាចារ្យ Yong-Kyu Anh បានលើកឡើងថា បើតាមលក្ខណៈរាងកាយរបស់កម្ពុជា គឺត្រូវនឹងប្រភេទកីឡាតេក្វាន់ដូ យូដូ គុនដាវ និងប្រដាល់ ដែលសាកលវិទ្យាល័យជាតិកូរ៉េ មានលទ្ធភាពបណ្តុះបណ្តាលក្នុងរយៈពេលខ្លី ដើម្បីឲ្យកីឡាករទាំងនោះ ទទួលបានមេដាយ និងលទ្ធផលល្អ។ លោកសន្យាថា នឹងប្រឹងប្រែងលើកិច្ចសហប្រតិបត្តិការនេះ និងការពង្រឹងវិស័យកីឡារបស់កម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។

ចំណែកឯលោកបណ្ឌិត ជេត ជាលី បានចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះ គឺជាការវិវត្តមួយទៀត របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាផ្នែកមួយ ដែលជួយឲ្យកម្ពុជា មានធនធានផ្នែកកីឡាកាន់តែច្រើនឡើង សម្រាប់ឈរលើឆាកអន្តរជាតិ៕