(ម៉ៃអាមី)៖ កីឡាការិនីវ័យក្មេង Emma Raducanu ឈរលំដាប់ទី១ របស់ចក្រភពអង់គ្លេស បានហាលអាវចេញពីការប្រជែងពាន Miami Open 2022 ត្រឹមជុំទី២ យ៉ាងលឿនបំផុតក្រោយប្រជែងចាញ់កីឡាការិនីសាធារណរដ្ឋឆេក Katerina Siniakova ក្នុងលទ្ធផល ៣-៦, ៦-៤ និង ៧-៥ ខណៈ Heather Watson ឡើងទៅជុំទី៣ ក្រោយឈ្នះជើងខ្លាំង Elina Svitolina ដោយលទ្ធផល ៤សិតផងដែរ។

តាមរយៈលទ្ធផលនេះ Heather Watson ត្រូវប៉ះកីឡាការិនីស្វីស Belinda Bancic នៅជុំទី៣ ដែលអ្នកទាំងពីរត្រូវប្រជែងគ្នាឡើងទៅជុំទី៤ អាចប៉ះជាមួយកីឡាការិនី Irina Camelia Begu ដែលប៉ះគូប្រជែង Sasnovich ក្នុងវគ្គនេះផងដែរ ហើយនេះជារយៈពេល ៦ឆ្នាំរបស់ Heather Watson ធ្វើបានយ៉ាងល្អឈានមកដល់ជុំទី៣ នៅពាន Miami Open 2022 បន្ទាប់ពីយកឈ្នះជើងខ្លាំង Elina Svitolina ដែលឈរលំដាប់ទី ១៥ពិភពលោកយ៉ាងស្វិតស្វាញ។

នេះជាការខកចិត្តដ៏ធំមួយកីឡាការិនីឈរលេខរៀងទី១២ ពិភពលោក Emma Raducanu ម្ចាស់ពាន US Open 2021 ដែលរដូវកាលនេះរូបនាងលេងឈ្នះតែ ២ប្រកួត ក្នុងចំណោម ៧ប្រកួតក្នុងឆ្នាំ២០២២ ខណៈព្រឹត្តិការណ៍ Miami Open 2021 បានទៅលើអតីតកីឡាការិនីអូស្ត្រាលី Ashleigh Barty ដែលទើបប្រកាសចូលនិវត្តន៍បាត់ទៅហើយក្នុងពេលថ្មីៗនេះ៕