(បរទេស)៖ ក្នុងនាមជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ក្នុងវិស័យហូលីវូដ មានតារាល្បីៗចូលរួមច្រើនកុះករ អ្នករៀបចំកម្មវិធីពានរង្វាន់ Oscars បានបង្ហើបថា ពួកគេនឹងមានកម្មវិធីមួយ ដើម្បីបង្ហាញទៅកាន់ពិភពលោកបន្ថែមទៀត ពីផលប៉ះពាល់ជាច្រើន ចំពោះការឈ្លានពានរបស់រុស្ស៉ី លើប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

អ្នករៀបចំកម្មវិធី Oscars នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហើបពីព័ត៌មានមួយចំនួនជុំវិញកម្មវិធីនេះ ប៉ុន្តែបានរំលេចថា វានឹងមានពេលវេលាមួយ អំឡុងពេលពិធី Oscars ពោលគឺការទទួលស្គាល់ថា ការលុកលុយរបស់រុស្ស៉ី គឺបានធ្វើឲ្យប្រជាជនអ៊ុយក្រែនរួមទាំងជនស៉ីវិលរាប់ពាន់នាក់ស្លាប់ និងបង្ខំឲ្យមនុស្សរាប់លាននាក់ទៀត ត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាង។

ធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក អ្នករៀបចំកម្មវិធី Oscars បានបន្ថែមថា ខណៈការប្រារព្ធកម្មវិធីនេះ ជាពេលវេលាសម្រាប់សប្បាយរីករាយ តែពេលនេះគួរជៀសវាង ត្បិតថាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលចលាចលជុំវិញបញ្ហាសង្គ្រាមអ៊ុយក្រែន ហើយកូវីដ-១៩ ក៏ជាបញ្ហាក្នុងការរៀបចំកម្មវិធីដែរនោះ។ នេះបើតាមសំដីរបស់លោក Will Packer។

យ៉ាងណាមិញ អ្នកនាង Amy Schumer ដែលជាពិធីការិនីម្នាក់ ក្នុងចំណោមជាច្រើននាក់ផ្សេងទៀត បាននិយាយថា កាលពីសប្តាហ៍មុន នាងមានគំនិតអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចូលរួមតាមរយៈប្រព័ន្ធវីដេអូ ប៉ុន្តែគំនិតរបស់នាងត្រូវបានអ្នករៀបចំបដិសេធ។

គួរជម្រាបថា ថ្មីៗនេះ បណ្ឌិត្យសភាចលនាសិល្បៈ និងវិទ្យាសាស្ត្រ (The Academy of Motion Picture Arts and Sciences) បានចេញសេចក្តីសម្រេច សម្រាប់កម្មវិធីពានរង្វាន់ Oscars លើកទី៩៤ ដែលនឹងធ្វើនៅចុងខែមីនា ខណៈអ្នកចូលរួមទាំងអស់ត្រូវបង្ហាញភស្តុតាងចាក់វ៉ាក់សាំង និងមានលទ្ធផលតេស្តអវិជ្ជមានយ៉ាងហោចណាស់ពីរដង ដោយម៉ាស៉ីន PCR ដើម្បីទប់ស្កាត់កូវីដ-១៩៕