(បរទេស)៖ តារាភាពយន្ត និងជាផលិតករជនជាតិអាមេរិក គឺលោក Sean Penn នៅថ្ងៃពុធសប្តាហ៍នេះ បានចុះកិច្ចព្រមព្រៀងមួយ នៅក្នុងមូលនិធិ CORE របស់លោក ដើម្បីផ្តល់ជំនួញដល់ជនភៀសខ្លួនអ៊ុយក្រែន ដែលកំពុងរស់នៅក្នុងប្រទេសប៉ូឡូញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងនេះ គឺធ្វើឡើងរវាងនៅក្នុងមូលនិធិ CORE របស់លោក Sean Penn និងសាលាក្រុង Krakow នៃប្រទេសប៉ូឡូញ ដើម្បីបើកការិយាល័យ ជាប្រវត្តិសាស្ត្រថ្មីមួយ នៅទីក្រុងភាគខាងត្បូងប្រទេសប៉ូឡូញ ក្នុងគោលបំណង ផ្តល់ការអប់រំ និងកន្លែងស្នាក់នៅសមរម្យដល់ជនភៀសខ្លួន ប្រមាណ៥០នាក់។

កាលពីចុងខែកុម្ភៈកន្លងទៅ ផលិតករ Penn ត្រូវបានគេដឹងថា បានទៅទីក្រុងកៀវ នៃប្រទេសអ៊ុយក្រែន អំឡុងពេលយោធារុស្ស៉ី បើកការវាយប្រហារចូលអ៊ុយក្រែនដំបូងៗ ដើម្បីថតរឿងឯកសារ។ ដោយលោកបានផ្តិតយកសកម្មភាពនានា ក្នុងប្រទេសអ៊ុយក្រែន និងសកម្មភាពរបស់ប្រធានាធិបតីអ៊ុយក្រែន ពេលកំពុងថ្លែងសារផងដែរ។ បន្ទាប់មកលោកបានភៀសខ្លួនចេញពីអ៊ុយក្រែន ទៅប្រទេសប៉ូឡូញ យ៉ាងមានសុវត្ថិភាព។

គួរជម្រាបថា ផលិតករអាមេរិកវ័យ៦១ឆ្នាំ លោក Penn គឺជាម្ចាស់ពានរង្វាន់ Oscars ចំនួន២ដង សម្រាប់ភាពយន្តឯកសារដែលលោកផលិតរួមមាន «Havey Milk» និង «Mystic River» សម្រាប់ស្ទូឌីយោ Vice។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន NBC៕