(ប៉េកាំង)៖ កម្មវិធីរត់ប្រណាំងម៉ារ៉ាតុង 2022 Yangling Marathon ប្រទេសចិន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសាខាងមុខនោះ ត្រូវបានពន្យារពេល ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមការអះអាងពីអ្នករៀបចំ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

«ដោយមានការកើនឡើងករណីវិជ្ជមានកូវីដ១៩ នាពេលថ្មីៗនេះនៅទូទាំងប្រទេស Yangling Marathon ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១០ ខែមេសានោះ ត្រូវបានពន្យារពេល ដើម្បីធានាសុខភាពរបស់អ្នកចូលរួមទាំងអស់» នេះបើតាមគណៈកម្មាធិការរៀបចំបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។ គណៈកម្មាធិការរៀបចំបន្ថែមថា កាលបរិច្ឆេទថ្មីនឹងត្រូវប្រកាសនាពេលក្រោយ។

Yangling Marathon ដែលត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ២០១៥ នោះ បានទាក់ទាញអ្នកចូលរួមរត់ប្រណាំងទាំងក្នុងស្រុក និងមកពីក្រៅប្រទេស ប្រមាណ២០,០០០នាក់ក្នុងឆ្នាំ២០១៩។

ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងនេះ ត្រូវបានពន្យារពេល ហើយក្រោយមកត្រូវបានលុបចោលវិញកាលពីឆ្នាំ២០២០ ចំពេលដែលមានការរាតត្បាតពីជំងឺកូវីដ១៩ មុនពេលបន្តចាប់ផ្តើមឡើងវិញនាឆ្នាំ២០២១៕