(អង់ការ៉ា)៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិតួកគី Burak Yilmaz បានប្រកាសពីការចូលនិវត្តន៍របស់លោកក្នុងជម្រើសជាតិហើយ បន្ទាប់ពីស៊ុតបាល់ពិន័យប៉េណាល់ទីមិនចូលទី ដោយចាញ់ក្នុងលទ្ធផល ៣-១ ក្រោមថ្វីជើងក្រុមព័រទុយហ្គាល់ នៅក្នុងការប្រកួតជម្រុះចុងក្រោយ World Cup 2022 នាថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានលើកឡើងថា «ថ្ងៃនេះ គឺជាការប្រកួតលើកចុងក្រោយរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិ។ ក្រុមត្រូវការការផ្លាស់ប្តូរ។ ដូចដែលខ្ញុំបានដឹកនាំពីមុន។ ឥឡូវនេះ ខ្ញុំចាំបាច់ត្រូវប្រគល់ឲ្យមិត្តរួមក្រុមរបស់ខ្ញុំ ហើយគាំទ្រពួកគេពីក្រោយវិញម្តង»

កីឡាករ Yilmaz បានស៊ុតបញ្ចូលទី ៣១គ្រាប់នៅក្នុងការបង្ហាញខ្លួនប្រកួតលក្ខណៈអន្តរជាតិ ៧៧លើកសម្រាប់ក្រុមជម្រើសជាតិតួកគី ហើយបានតំណាងឲ្យក្រុមជម្រើសជាតិតួកគី នៅឯព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ និងឆ្នាំ២០២០ ផងដែរ។

តួកគី បានឡើងទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup ចុងក្រោយកាលពីឆ្នាំ២០០២ នាគ្រានោះ ពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ឈរនៅពីក្រោយក្រុមម្ចាស់ពានរង្វាន់ប្រេស៊ីល និងក្រុមជើងឯករងអាល្លឺម៉ង់៕