(ភ្នំពេញ)៖ អត្តពលិក ៣ប្រទេស រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម បានឈ្នះមេដាយមាសសរុប ៥គ្រឿង ក្នុងថ្ងៃបើកឆាកព្រឹត្តិការណ៍ប្រកួតកីឡាករ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ (The 9th South East Asian Karate Championship) ឆ្នាំ២០២២ នៅកម្ពុជានាថ្ងៃទី២៥ ខែមីនានៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

វិញ្ញាសាដែលបានបញ្ចប់ការប្រកួតក្នុងថ្ងៃទី១ នៃព្រឹត្តិការណ៍ប្រចាំតំបន់នេះ គឺមាន ៥វិញ្ញាសា ខណៈជាលទ្ធផល ក្រុមអត្តពលិកឥណ្ឌូនេស៊ី បាន ឈរកំពូលតារាងមេដាយបណ្ដោះអាសន្ន ដោយដណ្ដើមមេដាយសរុប ៥គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ២) ខណៈម៉ាឡេស៊ី ឈរលេខ២ ឈ្នះមេដាយសរុប ៤គ្រឿង (មាស២ និងសំរឹទ្ធ២) គ្រាដែលវៀតណាម ឈរលេខ៣ ឈ្នះមេដាយសរុប ៥គ្រឿង (មាស១ ប្រាក់២ និងសំរឹទ្ធ២)។

ចំណែកម្ចាស់ផ្ទះកម្ពុជា ទើបដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងប៉ុណ្ណោះ ដែលរកបានដោយកីឡាករ ទេព ស្ទីវយុទ្ធថាណា លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៥គីឡូក្រាម។ រីឯប្រទេស ដែលដណ្ដើមបានមេដាយផ្សេងទៀត រួមមានថៃ ឈរលេខ៤ ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១ និងហ្វីលីពីន ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង ឈរលេខ៥។ ចំណែកសិង្ហបុរី ប្រ៊ុយណេ និងឡាវ នៅមិនទាន់ឈ្នះមេដាយនោះទេ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត SEAKF Championship 2022 ដែលរៀបចំលើកដំបូង នៅកម្ពុជានេះ មានរយៈពេល ៣ថ្ងៃពីថ្ងៃទី២៥-២៧ ខែមីនា ដោយមានប្រតិភូ និងអត្តពលិកជាង ២០០នាក់មកពី ៩ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រ៊ុយណេ ខណៈអវត្តមានតែមីយ៉ាន់ម៉ា និងទីម័រខាងកើតប៉ុណ្ណោះ៕