(បរទេស)៖ ច្បាប់ទីផ្សារឌីជីថលថ្មីរបស់សហភាពអឺរ៉ុប (EU) អាចតម្រូវឱ្យអ្នកបង្កើតកម្មវិធីផ្ញើសារដូចជា WhatsApp, Facebook Messenger ឬ iMessage អាចទាក់ទងគ្នាបានទៅវិញទៅមក ដែលហៅម្យ៉ាងទៀតថា «អន្តរប្រតិបត្តិការ» ប្រសិនបើវាត្រូវបានអនុម័ត ជាធរមាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

យោងតាមការប្រកាសរបស់ EU បានឱ្យដឹងថា ច្បាប់ថ្មីនេះមិនបានធ្វើឡើងក្នុងគោលបំណងបង្ខំឱ្យ ក្រុមហ៊ុន ធំៗដូចជា Apple, Meta ឬ Facebook ដែលនៅពីក្រោយកម្មវិធី iMessage, WhatsApp និង Facebook Messenger ធ្វើការរួមគ្នានោះទេ ប៉ុន្តែដើម្បីឱ្យមានតម្លាភាព។

ការអនុវត្តច្បាប់ថ្មីនេះគឺមានន័យថា សម្រាប់អ្នកប្រើប្រាស់ iPhone ដែលមានកម្មវិធី iMessage គឺអាចផ្ញើសារ, ឯកសារ និង Video Call ទៅកាន់ កម្មវិធីផ្សេងៗទៀតបានដូចជា WhatsApp ឬ Facebook Messenger ជាដើម ហើយសម្រាប់កម្មវិធី WhatsApp ឬ Facebook Messenger ក៏អាចធ្វើដូចគ្នាមកកាន់ iMessage បាន ផងដែរ។

EU បានបញ្ជាក់បន្ថែមទៀតថា ការអនុវត្តច្បាប់ថ្មីនេះគឺអាចប្រព្រឹត្តទៅបានឱ្យតម្លាភាព ដោយសារតែ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលមេនៃកម្មវិធីផ្ញើសារទាំងនេះសុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចនៅក្នុង «អន្តរប្រតិបត្តិការ» ឬប្រតិបត្តិការរួមគ្នា។

ពាក់ព័ន្ធនឹងករណីនេះនៅមិនទាន់មានប្រតិកម្មពីសំណាក់ក្រុមហ៊ុន Meta នៅឡើយទេ តែសម្រាប់ Apple ត្រូវបាន អ្នកនាំពាក្យបញ្ជាក់ថា សកម្មភាពមួយនេះគឺជាក្ដីព្រួយបារម្ភសម្រាប់ Apple ដោយសារតែវាប៉ះពាល់ ដល់សុវត្ថិភាព និងភាពជាឯកជនរបស់អ្នកប្រើប្រាស់ ហើយវាក៏ប៉ះពាល់ដល់ទីផ្សារប្រកួតប្រជែងផងដែរ ប៉ុន្តែ Apple នៅតែរក្សាជំហរក្នុងការសហការជាមួយ EU៕