(បរទេស)៖ តាមរបាយការណ៍សារពើពន្ធបានបង្ហាញថា Xiaomi លក់ស្មាតហ្វូនបានរហូតដល់ទៅ ១៩០លានគ្រឿងក្នុងឆ្នាំ២០២១ ស្របពេល Xiaomi បានប្រកាសបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុរបស់ពួកគេកាលពីចុងឆ្នាំមុន ដោយតួរលេខនោះបានកើនឡើងរហូតដល់ទៅ ៣២៨ ពាន់លានយន់ (ប្រហែល ៥១.៥៦លានដុល្លារអាមេរិក) បានកើនឡើង ៣៣.៥ភាគរយនៅក្នុងឆ្នាំ២០២១ ខណៈដែលប្រាក់ចំណេញសុទ្ធដែលរកបានក្នុងឆ្នាំ២០២០ មានចំនួនដល់ទៅ ២២ពាន់លានយន់ឯណោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះទីផ្សារស្មាតហ្វូនបានដំណើរការយ៉ាងពិសេស នៅពេលដែលស្មាតហ្វូនចំនួន ១៩០.៣លានគ្រឿងត្រូវបាននាំចេញទៅទូទាំងពិភពលោក ដែលវាមានចំនួនខ្ពស់ជាងការនាំចេញក្នុងឆ្នាំ២០២០ ដល់ទៅ ៣០ភាគរយ។ ប៉ុន្តែក្នុងនោះក៏មានស្មាតហ្វូនចំនួន ២៤លានគ្រឿង មានតម្លៃមធ្យមដែលត្រូវបាននាំចេញដូចគ្នា នឹងមានការកើនឡើង ១៦០ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំ។

ប្រាក់ចំណូលសរុបនៃការលក់ស្មាតហ្វូននេះគឺទទួលបាន ២០៨.៩ពាន់លានយន់។ ដោយទិន្នន័យនេះជាការកើនឡើងសរុបនៃចំនួន ៣៧.២ភាគរយ ដែលក្នុងនោះមានម៉ូដែលតែមួយប៉ុណ្ណោះរបស់ចិនគឺ Redmi Note 11ដែលនាំចេញក្នុងតម្លៃទាប ក្នុងមួយគ្រឿងត្រឹមតែ ១,០៩៧ យន់ (ប្រហែល ១៧៣ដុល្លារអាមេរិក)។ រីឯម៉ូដែលស៊េរីខ្ពស់របស់ Xiaomi វិញមានចាប់ពីតម្លៃ ៣,០០០យន់(ប្រហែល ៤៧២ដុល្លាអាមេរិក) សម្រាប់ការដាក់លក់នៅលើទីផ្សារក្នុងស្រុក និងតម្លៃ ៣០០អ៊ឺរ៉ូ (ប្រហែល ៣៣១ដុល្លារអាមេរិក) សម្រាប់ទីផ្សារនៅបរទេស។

ដោយឡែក Xiaomi ក៏កំពុងតែពង្រីកវត្តមានរបស់ខ្លួនជាបន្តបន្ទាប់នៅក្នុងពិភពលោកនៅក្នុងការនាំចេញស្មាតហ្វូនដែរ បើមើលទៅលើរបាយការណ៍ហិរញ្ញវត្ថុខាងក្រុមហ៊ុនក៏បានបង្ហាញដែរថា ស្ទើរតែ ៥០ភាគរយនៃប្រាក់ចំណូលសរុបរបស់ពួកគេគឺបានមកពីទីផ្សារបរទេស មានចំនួន ១៦៣.៦ ពាន់លានយន់ នឹងបានកើនឡើង ៣៣.៧ភាគរយនៃចំនួនប្រាក់សរុបដែលរកបានកាលពីឆ្នាំ២០២០៕