(បេកាំង)៖ ក្រុមហ៊ុនផ្តល់សេវាកម្ម Streaming ធំៗរបស់ចិនរួមមានដូចជា Tencent និង IQ.O បានដកចេញ ទាំងអស់នូវរាល់វីដេអូ ឬខ្សែភាពយន្ត ដែលសម្តែងដោយ លោក Keanu Reeves តួអង្គ John Wick បន្ទាប់ពីតារាប្រុសរូបនេះ ចូលរួមក្នុងការប្រគំតន្រ្តីទីបេ ដែលរៀបចំឡើងដោយសង្ឃ Dalai Lama។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

គេមិនបានដឹងនោះឡើយថា តើស្នាដៃភាពយន្តល្បីៗរបស់ លោក Keanu Reeves ត្រូវបានដកចេញ តាំងពីពេលណាមកនោះ។ តែយ៉ាងណា កាសែត The Los Angeles Times បានបង្ហាញរបាយការណ៍ថា ខ្សែភាពយន្តយ៉ាងហោចណាស់១៩រឿង របស់តារារូបនេះ ត្រូវបានដកចេញពីប្រព័ន្ធផ្សព្វផ្សាយចិន Tencent តាំងពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។

យ៉ាងណាមិញជុំវិញបញ្ហានេះ ទាំងភាគីក្រុមហ៊ុនចិន Tencent និង IQ.O និងតារាសម្តែង Keanu Reeves នៅមិនទាន់មានការឆ្លើយតបណាមួយ ចំពោះសំណួរអ្នកកាសែតឡើយ។

គួរជម្រាបថា ការពីចុងខែមករា ឆ្នាំ២០២២នេះ តារាសម្តែងល្បី Keanu Reeves ត្រូវបានអ្នកលេងបណ្តាញសង្គមចិនជាច្រើនធ្វើការរិះគន់ ហើយព្រមានធ្វើពហិកា មិនគាំទ្ររាល់ការងាររបស់លោក ក្រោយពីលោកប្រកាសគម្រោងចូលរួមការប្រគំតន្រ្តីទីបេ នៅអំឡុងខែមីនា ដែលរៀបចំឡើង នៅអាមេរិក តបតាមសំណើររបស់សង្ឃ Dalai Lama ព្រោះការប្រគំតន្រ្តី ដែលធ្វើឡើងដោយសង្ឃ Dalai Lama ជារឿងដែលចិនប្រឆាំងដាច់ខាត ខណៈចិនធ្លាប់បាន គំរាមដល់សហរដ្ឋអាមេរិក និងប្រទេសទាំងឡាយ ដែលបានលូកដៃ ចូលរួមជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរវាងចិន និងទីបេ ជាពិសេសគឺរាល់កិច្ចប្រជុំជាមួយមេដឹកនាំសង្ឃដាឡៃ ឡាម៉ា មិនថា ក្នុងលក្ខខណ្ឌណាក៏ដោយ៕