(ភ្នំពេញ)៖ សិក្ខាសាលាវេជ្ជសាស្រ្ត ស្តីពីការថែទាំសុខភាពសួត និងការព្យាបាលជំងឺសួត ក្នុងសម័យកាលកូវីដ១៩ ត្រូវបានរៀបចំឡើងនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ដោយក្រុមហ៊ុនវេជ្ជសាស្រ្តវេជ្ជសាស្រ្តកម្ពុជា-សិង្ហបុរីចំនួន៣ ក្នុងនោះមានក្រុមហ៊ុនខេមជេដអេស៊ា (ASH ), ក្រុមហ៊ុន Beyond Medical Group Singapore និងក្រុមហ៊ុន PFPFA។

ទន្ទឹមគ្នានឹងការរៀបចំសិក្ខាសាលានេះ ក្រុមហ៊ុនទាំង៣បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីសហការលើវិស័យវេជ្ជសាស្ត្រ ក្នុងគោលដៅជួយសម្រួលដល់អ្នកជំងឺ ដែលតែងតែត្រូវការការព្យាបាលដោយអ្នកឯកទេសជំនាញមិនថា នៅក្នុងប្រទេសកម្ពុជា ឬទៅប្រទេសសិង្ហបុរី ព្រមទាំងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការរផ្តល់ចំណេះដឹងតាមរយៈសិក្ខាសាលាវេជ្ជសាស្ត្រ និងផ្លាស់ប្តូរបទពិសោធន៍រវាងវេជ្ជបណ្ឌិត នៃប្រទេសទាំងពីរផងដែរ។

លោកស្រី Elayne Soh នាយកប្រតិបត្តិក្រុមហ៊ុន Beyond Medical Group Singapore បានបញ្ជាក់ថា បន្ទាប់ពីការចុះ MOU ក្រុមហ៊ុន Beyond Medical Group Singapore នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ASH ឬគ្លីនិកស៊ីងមេដ ដើម្បីជួយសម្រួលដល់អ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកមន្ទីរពេទ្យ អ្នកឯកទេសជំនាញផ្សេងៗទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសហការគ្នាក្នុងវិស័យវេជ្ជសាស្ត្រ និងការផ្តល់យោបល់ជាជម្រើសទី២ ឬជម្រើសបន្ទាប់លើករណីស្មុគស្មាញផ្សេងៗផងដែរ។

លោកស្រីបានបន្ដថា ជាមួយនឹងបទពិសោធថែទាំសុខភាពដ៏រឹងមាំបណ្តាញសេវាសុខភាព ASH នឹងក្លាយជាចំណុចទំនាក់ទំនងតែមួយ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរព័ត៌មាន និងជួយដល់ការរៀបចំឯកសារពាក់ព័ន្ធផ្សេងៗ អមដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងមេដរបស់ពួកគេ ដែលជាមជ្ឈមណ្ឌលថែទាំសុខភាពនៅកម្ពុជា មានបុត្រសម្ព័ន្ធជាមួយអ្នកឯកទេសពហុជំនាញក្នុងប្រទេសសិង្ហបុរី។ ASH ក្លាយជាដៃគូយុទ្ធសាស្ត្ររបស់ Beyond Medical Group ក្នុងការគ្រប់គ្រងអ្នកជំងឺឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Lee MunHeng ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Beyond Medical Group បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហការនេះនឹងផ្តល់ឱកាស ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំងឺ និងការព្យាបាលពួកគេកាន់តែចំណាយពេលតិចចំណាយថវិកា ត្រូវគោលដៅចាប់ពីការពិនិត្យរហូតដល់ការព្យាបាលតាមលក្ខខណ្ឌជាក់លាក់។

ក្នុងសិក្ខាសាលាវេជ្ជសាស្ត្រ ស្តីពីការគ្រប់គ្រងសុខភាពសួត និងស្ថានភាពសួតអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដោយអ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកវះកាត់ជំងឺសួតជាន់ខ្ពស់, វេជ្ជបណ្ឌិត Aneez D.B Ahmed ប្រធានមជ្ឈមណ្ឌលអន្តរជាតិព្យាបាល និងវះកាត់ជំងឺសួតនៅមន្ទីរពេទ្យម៉ោនអេលីហ្សាបេត ប្រទេសសិង្ហបុរី បានលើកឡើងអំពីបញ្ហាសុខភាពមូលដ្ឋានដែលអាចទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ និងមូលហេតុដែលយើងគួរប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារផលវិបាកទាំងនោះ។

លោកស្រី ពិន នេត្រា ស្ថាបនិកក្រុមហ៊ុនខេមជេដអេស៊ា និងជានាយកប្រត្តិបត្តិនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងមេដ បានមានប្រសាស៍ថា៖ តាមរយៈការចាប់ដៃគូជាមួយ Beyond medical group ប្រទេសសិង្ហបុរី យើងកាន់តែមានទំនុកចិត្តក្នុងការផ្តល់ការណែនាំ និងការរៀបចំផ្នែកវេជ្ជសាស្ត្រភ្លាមៗ នៅពេលដែលអ្នកជំងឺត្រូវការជំនួយពីពួកយើងទាំងនៅកម្ពុជា និងពេលទៅដល់ប្រទេសសិង្ហបុរី។ យ៉ាងណាមិញប្រទេសសិង្ហបុរី ត្រូវបានគេស្គាល់ថា មានគុណភាពព្យាបាលលំដាប់ពិភពលោក និងទទួលបានលទ្ធផលព្យាបាលល្អនៅពេលដែលអ្នកជំងឺត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការព្យាបាលពួកគេកាន់តែមានទំនុកចិត្តលើសេវារៀបចំរបស់យើង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងមេដ ក្នុងការបន្តការថែទាំសុខភាពរបស់ពួកគេ ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពកាន់តែខ្ពស់។

លោកស្រីបានបន្ថែមទៀតថា ក្រៅពីការផ្តល់សេវាវេជ្ជសាស្ត្រជាលក្ខណៈអន្តរជាតិ ASH បានមើលឃើញពីចំណុចខ្វះខាតផ្នែកហិរញ្ញវត្ថុ ពេលអ្នកជំងឺជួបវិបត្តិសុខភាព ដូចនេះក្រុមហ៊ុនក៏បានខិតខំប្រឹងប្រែងរៀបចំប្រព័ន្ធ និងចាប់ដៃគូសហការជាមួយក្រុមប្រឹក្សាហិរញ្ញវត្ថុអន្តរជាតិរបស់ប្រទេសសិង្ហបុរីឈ្មោះថា PFPFA ដើម្បីជាជំនួយដល់អ្នកជំងឺ ដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។

ចំណែកលោក Jeffrey Chow នាយកប្រតិបត្តិ PFPFA បានជឿជាក់ថា ភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា របស់អតិថិជនយើង ជាពិសេសបុគ្គលដែលមានទ្រព្យសម្បត្តិ មានតម្លៃនៅពេលនិយាយអំពីផែនការកេរដំណែលរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានេះ យើងព្យាយាមផ្តល់ឱ្យពួកគេនូវដំណោះស្រាយលំដាប់ពិភពលោក ដែលជាអ្វីពួកគេគួរតែទទួលបានត្រឡប់មកវិញ។

បន្ថែមពីនេះ លោក Shawn Lim នាយកគ្រប់គ្រង PFPFA បានកំណត់ពីសារសំខាន់ នៃការរៀបចំផែនការអចលនទ្រព្យ និងទ្រព្យសម្បត្តិពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដូចជាប្រទេសកម្ពុជា ដែលមានសក្តានុពលកំណើនប្រជាសាស្ត្រ និងគ្រួសារសកលភាវូបនីយកម្មដ៏សម្បូរបែបនេះ យើងបានប្រើប្រាស់ឱកាសដើម្បីនាំយកដំណោះស្រាយ ក្នុងការជួយផ្គត់ផ្គង់ដល់ផ្នែកទីផ្សារចាប់តាំងពីមានតម្រូវការ និងយុទ្ធសាស្ត្រធ្វើផែនការជាមួយពួកគ្នា ឱ្យកាន់តែមានសុក្រិតភាព និងប្រសិទ្ធភាពខ្ពស់៕