(ភ្នំពេញ)៖ ធនាគារពាណិជ្ជ Chief Bank និងក្រុមហ៊ុន ZillenniumCo.,Ltd ដែលជាក្រុមហ៊ុន អចលនទ្រព្យដ៏ធំមួយនៅកម្ពុជា បានចុះកិច្ចសហការជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា លើការប្រើប្រាស់ឥណទានតាមប្រព័ន្ធឌីជីថល និងសហការស្វែងរកដំណោះស្រាយថ្មីៗបន្ថែមទៀត សំដៅរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យនៅកម្ពុជា។

ក្រុមហ៊ុនទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា (MoU) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ នៅធនាគារ ChiefBank រាជធានីភ្នំពេញ។ កិច្ចសហការនេះ មានការចូលរួមចុះហត្ថលេខា ដោយលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ZillenniumCo.,Ltd និង ឧកញ៉ាបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជ Chief Bank ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ផងដែរ។

តាមរយៈកិច្ចសហការនេះ បុគ្គលិករបស់ក្រុមហ៊ុន Zillennium Co., Ltd អាចស្នើឥណទានខ្នាតតូច ដោយស្វ័យប្រវត្តិតាមប្រព័ន្ធឌីជីថល ឬ ហៅថា Chief Easy របស់ធនាគារ ChiefBank ជាមួយនឹងលក្ខ ណ្ឌផ្តល់ជូនពិសេស។ ការចុះ MoU នៅថ្ងៃនេះក៏នឹងបើកផ្លូវដល់ស្ថាប័នទាំងពីរក្នុងការសហការលើ សេវាកម្មផ្សេងៗទៀតនាពេលខាងមុខផងដែរ។

ឧកញ៉ាបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជ ChiefBank មានប្រសាសន៍ថា៖ កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរផ្តោតលើកម្ចីឥណទានខ្នាតតូចតាមឌីជីថល។ ដើម្បីបំពេញតម្រូវការ សេវាហិរញ្ញវត្ថុក្នុងការរស់នៅរបស់ប្រជាជនកម្ពុជា ធនាគារពាណិជ្ជឈីហ្វ បានបញ្ចេញនូវសេវាកម្មមួយ ឈ្មោះថា Chief Easy ដែលជាប្រភេទកម្ចីអនឡាញរហ័សតាមទូរស័ព្ទដៃអាចខ្ចីដល់១ពាន់ដុល្លារ ដោយមិនបាច់មានទ្រព្យធានា។ សេវាកម្មនេះបានចាប់ផ្តើមកាលពីចុងឆ្នាំ២០២១ ហើយធនាគារជាតិក៏បាន អនុម័តយល់ព្រមផងដែរ។ សេវាម្មនេះងាយស្រួល លឿន និងមានសុវត្ថិភាពខ្ពស់។

ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ បានឲ្យដឹងថា ធនាគារពាណិជ្ជឈីហ្វ បង្កើតសេវាកម្មកម្ចីអនឡាញរហ័ស Chief Easy នេះឡើងគឺដើម្បីជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុជូនដល់បងប្អូនខ្មែរ ដែលមានតម្រូវការសាច់ប្រាក់ក្នុងការរស់នៅ។ មិនតែប៉ុណ្ណោះកម្ចីនេះអនុម័តត្រឹមតែមួយថ្ងៃប៉ុណ្ណោះ និង រយៈពេលខ្ចីរហូតដល់១២ខែ ថែមទាំងអាចស្នើសុំកម្ចីបានពី១០០ដុល្លារដល់១ពាន់ដុល្លារ ហើយធនាគារ គ្រោងនឹងបង្កើនទំហំប្រាក់កម្ចីថែមទៀតនាពេលខាងមុខ។

Chief Easy គឺជាកម្មវិធីផ្តល់ប្រាក់កម្ចីខ្នាតតូចតាមប្រព័ន្ធឌីជីថល របស់ធនាគារពាណិជ្ជឈីហ្វ ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។ Chief Easy គឺជាកម្មវិធីមួយ របស់ធនាគារឈីហ្វដែលឆ្លើយតបទៅនឹងការវិវឌ្ឍន៍ នៃការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជាផងដែរ។

លោកបណ្ឌិតបានបន្តថា៖ «Zillennium Co., Ltd គឺជាក្រុមហ៊ុនដ៏ធំ និងដំបូងគេនៅកម្ពុជា ដែល ធនាគារឈីហ្វ បានចុះMoUជាមួយ សម្រាប់កិច្ចសហប្រតិបត្តិការគម្រោង Chief Easy។ គម្រោងនេះនឹងអនុញ្ញាតឱ្យបុគ្គលិករបស់ Zillennium អាចស្នើសុំកម្ចីខ្នាតតូចមកកាន់ធនាគារឈីហ្វតាមប្រព័ន្ធឌីជីថល»

លោកបណ្ឌិតគូសបញ្ជាក់ថា សេវាកម្មនេះទើបត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២១កន្លងទៅ ហើយក៏ត្រូវបានធនាគារជាតិនៃកម្ពុជាអនុញ្ញាតឱ្យដំណើរការជាផ្លូវការផងដែរ។ សេវាកម្មនេះ អាចផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុនហ្សីលាននាម ឯ.ក ដូចគ្នា។

លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Zillennium Co., Ltd បានមានប្រសាសន៍ថា៖ តាមរយៈកិច្ចសហការនេះបុគ្គលិករបស់ក្រុមហ៊ុន Zillennium Co.,Ltd អាចស្នើឥណទានខ្នាតតូច ដោយស្វ័យប្រវត្តិតាមប្រព័ន្ធឌីជីថល ឬហៅថា Chief Easy របស់ នាគារ Chief Bank ជាមួយនឹងលក្ខខណ្ឌ ផ្តល់ជូនពិសេស។ ការចុះ MoU នៅថ្ងៃនេះ ជាការបើកផ្លូវដល់ស្ថាប័នទាំងពីរ ក្នុងការសហការលើ សេវាកម្មផ្សេងៗទៀត នាពេលខាងមុខផងដែរ ។

លោក គុយ វ៉ាត បន្តថា ក្រោយការចុះអនុស្សារណៈយោគយល់គ្នានេះ ក្រុមហ៊ុនហ្សីលាននាម ឯ.ក និងធនាគារពាណិជ្ជឆីហ្វសហការរួមគ្នា ក្នុងការផ្ដល់សេវាកម្មឱ្យបានល្អនៅក្នុងទីផ្សារ ដើម្បីជាចលករមួយជំរុញឱ្យវិស័យអចលនទ្រព្យដំណើរការបានល្អ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្សីលាននាម ឯ.ក កត់សម្គាល់ថា នៅមួយរយៈចុងក្រោយនេះ លោកសង្កេតឃើញថា ក្នុងភាពជាដៃគូជាមួយធនាគារពាណិជ្ជឆីហ្វ បានជួយជំរុញយ៉ាងច្រើនលើវិស័យអចលនទ្រព្យ។ លោកបន្ថែមថា ការចូលរួមពីធនាគារពាណិជ្ជកម្មនេះ ពិតជាមានសារៈសំខាន់ណាស់ តាមរយៈការផ្ដល់សេវាកម្មដោយប្រព័ន្ធឌីជីថល។

ជាងនេះទៅទៀត លោក គុយ វ៉ាត ក៏បានថ្លែងកោតសរសើរពីសេវាកម្ម Digital Loan ដែលលោកចាត់ទុកសេវាកម្មនេះថា ជាសេវាកម្មមុនគេបង្អស់នៅកម្ពុជា និងបានបង្ហាញភាពជឿជាក់ថា ការសហការជាមួយធនាគារពាណិជ្ជជីហ្វនឹងមានសេវាកម្មផ្សេងៗទៀត ដើម្បីធ្វើការសហការគ្នាបន្តទៀត។

គួរបញ្ជាក់ថា ធនាគារពាណិជ្ជឆីហ្វ(Chief Bank)បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ធ្វើអាជីវកម្មជាធនាគារឯកទេសនៅកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។ រហូតដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ធនាគារឈីហ្វ បានទទួលលិខិតយល់ព្រមជាគោលការណ៍ពីធនាគារជាតិ នៃកម្ពុជា ដោយតម្រូវឱ្យបំពេញនូវលក្ខខណ្ឌ ដើម្បីកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ ដោយសារតែភាពជោគជ័យ ជាបន្តបន្ទាប់នៃប្រតិបត្តិការរបស់ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអ៊ិលស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអ៊ិលស៊ី បានកម្លាយខ្លួនជោគជ័យ ទៅជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.កបច្ចុប្បន្ន។ ចំណែកឯក្រុមហ៊ុនហ្សីលាននាម ឯ.ក (Zillennium Co.,Ltd) ជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា៕