(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន TotalEnergies បានរួមគ្នាដាំដើមឈើចំនួនជាង១០,០០០ដើមនៅមុខបរិវេណប្រាសាទបន្ទាយប្រីនៃរមណីយដ្ឋានអង្គរដើម្បី ថែរក្សាទេសភាពវប្បធម៌ បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ ហើយក៏បង្កើតជាជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។

សកម្មភាពនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាដោយមានការចូលរួមពី លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងលោកស្រី Dinah KUMAR ប្រធានគ្រប់គ្រង ក្រុមហ៊ុនតូតាល់អេនើជីនៅកម្ពុជា ព្រមទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកប្រមាណ២០០នាក់។

លោកស្រី ភឿង សកុណា បានលើកឡើងថា តំបន់អង្គរជាកេរមត៌កដូនតាខ្មែររាប់ជំនាន់មកហើយពោលគឺ ប្រាសាទតែងតែនៅជាមួយមនុស្សនៅជាមួយព្រៃព្រឹក្សា និងទឹក។ អ្វីដែលអាជ្ញាធរ និងក្រុមហ៊ុនធ្វើនៅថ្ងៃនេះគឺ ជាផ្នែកមួយក្នុងការថែរក្សាមត៌កវប្បធម៌រប ស់កម្ពុជា។

លោកស្រីបានបន្តទៀតថា មិនចំពោះតែប្រាសាទទេ សូម្បីតែនៅតាមវត្តអារាមនានាគឺ ព្រះសង្ឃតែងមានផ្តល់ឱវាទឱ្យពុទ្ធបរិស័ទ្ធដាំដើមឈើ ពីព្រោះដើមឈើបានផ្តល់នូវប្រយោជន៍ជាច្រើនដល់មនុស្ស។ បច្ចុប្បន្ននេះនៅតំបន់អង្គរក្រៅពីការជួយការពារប្រាសាទ ការដាំកូនឈើ រឹតតែមានសារៈសំខាន់ ថែមទៀតចំពោះបរិស្ថានដែលជាការចូលរួមឱ្យសម្រេចគោលនយោបាយ «ហ្សេរ៉ូកាបោន» ក្នុងពេលដែលពិភពលោក កំពុងមានបញ្ហាប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Total Energies បានចុះអនុស្សរណៈយោគយល់ គ្នាជាមួយអាជ្ញាធរជាតិ អប្សរាលើគម្រោងដាំ និងថែទាំដើមឈើ (Angkor TotalEnergy Park) សម្រាប់រយៈពេល៥ឆ្នាំ (២០២១-២០២៦)៕