(អាមេរិក)៖ វីដេអូរបស់តារាសម្តែងល្បីអាមេរិក Will Smith ដែលឡើងទៅលើឆាក ទះកំផ្លៀងពិធីករ Chris Rock មួយដៃយ៉ាងដំណំ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ «Oscars» លើកទី៩៤ ត្រូវបានទស្សនិកជនទូទាំងពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់ពីបង្កហេតុលើឆាកដ៏ធំហើយ នៅពេលនេះ Will Smith បានចេញសារសុំទោសជាសាធារណៈទៅកាន់ Chris Rock ចំពោះទង្វើរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

នៅថ្ងៃច័ន្ទសប្តាហ៍នេះ តាមរយៈបណ្តាញសង្គម Instagram ផ្លូវការរបស់ខ្លួន Will Smith ម្ចាស់ពានរង្វាន់តារាសម្តែងឆ្នើម បានសរសេរសារសុំទោសយ៉ាងដូច្នេះថា «ការនិយាយលេងសើចបែបកំប្លែង សម្រាប់ខ្ញុំក៏ជាផ្នែកមួយនៃការងារ ប៉ុន្តែការលេងសើចពីស្ថានភាពសុខភាពរបស់ Jada (ភរិយាលោក) គឺពិតជាហួសហេតុណាស់សម្រាប់ខ្ញុំ ដែលមិនអាចទ្រាំបានឡើយ ហើយខ្ញុំក៏មានប្រតិកម្ម ប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំងដែរ។ ខ្ញុំចង់សុំទោសជាសាធារណៈទៅកាន់អ្នក, Chris ។ ខ្ញុំមានការខ្មាសអៀនណាស់ ហើយទង្វើរបស់ខ្ញុំ មិនបានបង្ហាញពីចរិតដែលខ្ញុំចង់ធ្វើនោះទេ។ មិនមានត្រង់ណា បញ្ជាក់ពីហិង្សាក្នុងពិភពនៃសេចក្តីស្រឡាញ់ និងទឹកចិត្តមេត្តានោះទេ»

តារាប្រុសរូបនេះ បានបន្តថា «អំពើហិង្សាគ្រប់ទម្រង់ គឺសុទ្ធតែពិសពុល និងបង្ហាញពីទង្វើនៃការបំផ្លាញ។ ខ្ញុំក៏សូមអធ្យាស្រ័យដល់អ្នករៀបចំកម្មវិធីទាំងមូល, អ្នកផលិតកម្មវិធី, អ្នកចូលរួមទាំងអស់ និងអ្នកទស្សនាជុំវិញពិភពលោក។ ខ្ញុំសូមអភ័យទោសដល់គ្រួសារ Williams និងគ្រួសារស្តេច Richard របស់ខ្ញុំ។ ខ្ញុំមានការសោកស្ដាយជាខ្លាំងដែលទង្វើរបស់ខ្ញុំ បានប្រឡាក់ជាប់នូវអ្វីដែលជាពេលវេលាដ៏ស្រស់បំព្រងសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំកំពុងបន្តឆ្ពោះទៅមុខហើយ»

គួរជម្រាបថា ក្នុងព្រឹត្តិការណ៍ទទួលពានរង្វាន់ដ៏ធំប្រចាំវិស័យហូលីវូដ «Oscars» លើកទី៩៤ ដែលធ្វើឡើងនៅថ្ងៃទី២៧ កន្លងទៅនេះ សម្តែងល្បីឈ្មោះរបស់អាមេរិក Will Smith បានឡើងទៅលើឆាក ទះកំផ្លៀងពិធីករ Chris Rock មួយដៃ បន្ទាប់ពី Rock និយាយលេងសើចពីប្រពន្ធរបស់ Will Smith ទាក់ទងនឹងក្បាលគ្មានសក់ ដែលលោកស្រីមានជំងឺជ្រុះសក់ ហើយស្ថិតក្នុងការព្យាបាលជាដំណាក់កាល ពោលគឺមិនមែនលែងស្ទីលឡើយ ខណៈការលេងសើចពីប្រពន្ធខ្លួន ធ្វើឲ្យ Will Smith ទទួលយកមិនបាន ទើបមិនអាចទប់កំហឹង រហូតឡើងទៅទះ Chris Rock មួយកំផ្លៀងលើឆាកតែម្តង៕