(កំពង់ចាម)៖ ក្រុមហ៊ុនទឹកពិសាវីតាល់ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានរៀបចំកម្មវិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ សមទ្ធិផលនានា ក្រោមជំនួយឧបត្ថម្ភពីមូលនិធិ២៥រៀល ក្នុងគម្រោងវីតាល់ សាលារៀនខ្ញុំ អនាម័យខ្ញុំ ដែលបានរៀបចំឡើង នៅក្នុងបរិវេណ នៃបឋមសិក្សាស្វាយពក ភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមវត្តមានលោក ផេន សុផល អភិបាលស្រុកបាធាយ និងលោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងវត្តមានអាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ។

លោកស្រី ជឹង សុគន្ធាវី បានលើកឡើងថា គម្រោង វីតាល់ សាលារៀនខ្ញុំ អនាម័យខ្ញុំ នៃមូលនិធិ២៥រៀល ត្រូវបានបង្កើតឡើង ដោយមានគោលបំណង ក្នុងការចូលរួមគាំទ្រ ដល់ការជំរុញបន្ថែមទៀត ក្នុងការឆ្ពោះទៅសម្រេចគោលដៅ របស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅឆ្នាំ២០២៥។

លោកស្រី បានបន្ថែមថា ការលាងសម្អាតដៃនេះ នឹងចូលរួមកាត់បន្ថយ អត្រាឆ្លងជំងឺផ្សេងៗ តាមរយៈដៃមិនស្អាត ពិសេសកាត់ បន្ថយអត្រាមរណភាព របស់កុមារទាក់ទង នឹងជំងឺរាក ជំងឺរលាកផ្លូវដង្ហើម និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលតែងតែ កើតឡើងចំពោះកុមារ ដោយគ្រាន់តែអនុវត្តវិធីងាយៗ គឺការលាងសម្អាតដៃនឹងសាប៊ូ ឱ្យបានស្អាតមុនពេល បរិភោគចំណីអាហារ និងក្រោយពេលចេញពីបង្គន់ ដែលនេះជាសកម្មភាពសាមញ្ញៗ ដែលយើងអាចធ្វើបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង។

លោក ផេន សុផល បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុនវីតាល់ ដែលប្រឹងប្រែងទាំងកម្លាំងកាយចិត្ត និងធនធាន ក្នុងការចូលរួមកសាងសមទ្ធិផលនានា ក្នុងមូលដ្ឋានស្រុកបាធាយ ពិសេសក្នុងសាលាបឋមសិក្សាស្វាយពក ព្រមជាមួយការនាំយកនូវ អំណោយ មកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លោកបានបន្តទៀតថា ការផ្តល់ជូននេះ ជាឆន្ទះដ៏វិសេសវិសាល ដែលវិស័យឯកជន ចូលរួមគាំទ្រដោយផ្ទាល់ តាមរយៈការបង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល និងស្របតាមផែនការ យុទ្ធសាស្ត្ររបស់ក្រសួងអប់រំយុវជន និងកីឡា ព្រមជាមួយគោលការណ៍ ណែនាំអនុវត្តលក្ខខណ្ឌ អប្បរមា ស្តីពីទឹកស្អាត និងអនាម័យតាមសាលារៀន។

គួរបញ្ជាក់ថា គម្រោង វីតាល់ សាលារៀនខ្ញុំ អនាម័យខ្ញុំ បានចូលរួមសាងសង់ជណ្តើរ របស់សាលា ការកែលម្អដងទង់ជាតិ និងការរៀបចំអោយ មាននូវក្តារព័ត៌មាន យ៉ាងស្រស់ស្អាត ដែលឈរទន្ទឹមជាមួយ កន្លែងលាងសម្អាតដៃរបស់គម្រោង ដែលនេះជាក្តីប្រាថ្នា របស់បឋមសិក្សាស្វាយពក។

គម្រោងនេះកើតឡើង បាន ក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប របស់លោកអ្នកជូនមូលនិធិនេះក្នុងការប្រើប្រាស់សម្រាប់សកម្មភាពសប្បុរសធម៌។ វីតាល់បានតាំងចិត្ត ក្នុងការបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមានគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គម ពិសេសលើ វិស័យរអប់រំ បរិស្ថាន សុខភាពនិងកីឡា ព្រមទាំងវប្បធម៌ និងសង្គម៕