(ភ្នំពេញ)៖ ក្រុមហ៊ុនគូឡារ៉ា វ៉ធើរ (Kulara Water) ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូ គូលែន (Eau Kulen) នៅកម្ពុជានោះ បានបំពាក់នូវប្រព័ន្ធថាមពលព្រះអាទិត្យកូនកាត់ប្រភេទថ្មីសម្រាប់ទាញយកថាមពលប្រើប្រាស់ក្នុងរោងចក្ររបស់ខ្លួន ដើម្បីចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិ និងគាំពារបរិស្ថាន ព្រមទាំងពង្រីកតួនាទីកាន់តែធំក្នុងការចូលរួមអភិវឌ្ឍប្រកបដោយចីរភាព និងទំនួលខុសត្រូវចំពោះសង្គម។

ក្រុមហ៊ុនគូឡារ៉ា វ៉ធើរ (Kulara Water) បានបញ្ជាក់ថា «ក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវប្រព័ន្ធថាមពលព្រះអាទិត្យកូនកាត់ប្រភេទថ្មី ដែលជារបកគំហើញចុងក្រោយបំផុតមួយទាក់ទងទៅនឹងការការពារធនធានធម្មជាតិ និងការយល់ដឹងអំពីបរិស្ថាន»

បច្ចេកវិទ្យានេះត្រូវបានដំណើរការដោយក្រុមហ៊ុនតូតាល់អ៉ីនណឺជី (TotalEnergies)។ ប្រព័ន្ធស្រូបពន្លឺព្រះអាទិត្យនេះមានកម្លាំងថាមពលដល់ទៅ៦៥០គីឡូវ៉ាត់ក្នុងមួយម៉ោង និងភ្ជាប់បញ្ជូលប្រព័ន្ធថាមពលអាគុយ៨៩៦គីឡូវ៉ាត់ក្នុងមួយម៉ោង។

ក្រុមហ៊ុនគូឡារ៉ា វ៉ធើរ (Kulara Water) បានអះអាងថា ការដាក់បំពាក់នូវប្រព័ន្ធថាមពលព្រះអាទិត្យកូនកាត់ប្រភេទថ្មីសម្រាប់ទាញយកថាមពលប្រើប្រាស់ក្នុងរោងចក្ររបស់ខ្លួននេះ គឺជាមោទនភាពថ្មីមួយទៀតក្នុងការផ្តល់ជូននូវទឹករ៉ែធម្មជាតិលំដាប់ទី១នៅកម្ពុជា ក៏ដូចជាការច្នៃប្រឌិតប្រកបដោយសមត្ថភាពដ៏រឹងមាំ និងបានពង្រីកតួនាទីកាន់តែធំឡើងក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនួលខុសត្រូវចំពោះសង្គម។

ជាមួយនឹងការដាក់បំពាក់ប្រព័ន្ធថាមពលព្រះអាទិត្យកូនកាត់ប្រភេទថ្មីនេះ ក្រុមហ៊ុនគូឡារ៉ា វ៉ធើរ (Kulara Water) ក៏បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីស្ថានទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហ៊ុនតូតាល់ ដែលបានទៅកាន់រោងចក្រ និងបរិវេណដីរបស់រោងចក្រផលិតទឹករ៉ែធម្មជាតិ អូ គូលែន ផ្ទាល់ ដែលស្ថិតនៅស្រុកស្វាយលើ ខេត្តសៀមរាប ពោលគឺជាប់នឹងជើងភ្នំគូលែន ជាបរមបព៌តដ៏ពិសិដ្ឋបំផុតនៅប្រទេសកម្ពុជា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។

ដំណើរទស្សនកិច្ចនាពេលនោះ គឺមានវត្តមានលោក ហ្សាក ម៉ាស៊ីល (Jacques Marcille) នាយកប្រតិបត្តិក្រុមហ៊ុន Kulara Water និងក្រុមការងាររបស់លោកមួយចំនួនទៀត លោក ហ្សាក ពើឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្វ៉ីលីព បូទ្រី (Philippe Baudry) ប្រធានសេដ្ឋវិទូនៃស្ថានទូតបារាំង អ្នកស្រី ឌីណះ គូម៉ារ (Dinah Kumar) នាយកគ្រប់គ្រងរបស់ TOTAL Cambodia លោក រីឆាដ ពូឡង់ (Richard Pullen) នាយកប្រចាំតំបន់របស់ក្រុមហ៊ុន TotalEnergies អ្នកនាង ចាលីន ចូវ (Chia-Lin Chew) ផ្នែកកិច្ចការសាជីវកម្ម TOTAL V.P. លោក ហ្សង់ បាបទីស សឺវ៉ង់ (Jean -Baptiste Chevance) នាយកកម្មវិធីរបស់អង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF)។

គួរជម្រាបថា ក្រៅពីការដាក់បំពាក់នូវប្រព័ន្ធថាមពលព្រះអាទិត្យកូនកាត់ប្រភេទថ្មីនេះ ក្រុមហ៊ុនគូឡារ៉ា វ៉ធើរ (Kulara Water) ក៏បានចូលរួមដាំដើមឈើជាច្រើនម៉ឺនដើម ដើម្បីចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិ និងគាំពារបរិស្ថានផងដែរ។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនគូឡារ៉ា វ៉ធើរ (Kulara Water) បានចូលរួមដាំដើមឈើឡើងវិញនៅក្នុងតំបន់ និងដីរបស់ក្រុមហ៊ុន ដែលជាប្រភេទឈើកម្រចំនួន១០២,០៧១ដើមនៃប្រភេទកម្រដែលជិតផុតពូជចំនួន១៧ប្រភេទ ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF)៕