(អាមេរិក)៖ មនុស្សយ៉ាងហោចណាស់ ១៥.៣៦លាននាក់ បានទស្សនាការផ្សាយផ្ទាល់ ព្រឹត្តិការណ៍ទទួលពានរង្វាន់ប្រចាំឆ្នាំ «Oscars» លើកទី៩៤ ដែលផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ABC ខណៈចំនួននេះ គឺកើនឡើង ៥៦ភាគរយ បើធៀបនឹងឆ្នាំ២០២១។ តែយ៉ាងណា អ្វីដែលទស្សនិកជនទូទាំងពិភពលោក ចាប់អារម្មណ៍ខ្លាំង នៅក្នុងកម្មវិធីនេះ គឺសកម្មភាពរបស់តារាប្រុស Will Smith ទៅវិញទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

បើតាម ABC បានឲ្យដឹងនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា តួលេខនៃអ្នកចូលទស្សនាកម្មវិធី «Oscars» ក្នុងឆ្នាំនេះ គឺបានកើនឡើងខ្ពស់រហូតដល់ ៥៦ភាគរយ បើធៀបនឹងឆ្នាំមុន ដែលអ្នកចូលទស្សនាមានខ្ទង់ ៩.៨៥លាននាក់ ទំនងដោយសារតែវិបតិ្តកូវីដ-១៩។ ទោះជាឆ្នាំនេះចំនួនអ្នកចូលទស្សនា កើនឡើង ប៉ុន្តែបើប្រៀបធៀបទៅកាលពីប៉ុន្មានឆ្នាំមុនៗ គឺមានចំនួនទាបដដែល។

អ្នករៀបចំកម្មវិធីបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកទស្សនាកម្មវិធី «Oscars» មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហេតុដូច្នេះក្នុងឆ្នាំនេះ អ្នករៀបចំកម្មវិធី បានរិះរកអ្វីដែលថ្មីៗ សម្រាប់ទស្សនិកជន ពោលគឺសម្រេចយកពិធីករនៃកម្មវិធី រហូតដល់ទៅ៣នាក់ និងកាត់បន្ថយពេលវេលាឲ្យនៅខ្លីជាងរាល់ដង និងមានលាយសំឡេង រួមទាំងការចាក់បញ្ចូលភាពយន្តបន្តិចបន្តួចផងដែរ។

ផ្ទុយទៅវិញអ្វីដែលអ្នករៀបចំកម្មវិធី បានបង្កើតឡើងខាងលើនេះ ហាក់បីដូចជាមិនសូវទទួលការចាប់អារម្មណ៍ទៅវិញ ហើយអ្វីដែលផ្ទុះ ការចាប់អារម្មណ៍ខ្លាំងក្នុងកម្មវិធី «Oscars» លើកនេះ គឺកម្មភាពរបស់ Will Smith ដែលឡើងទៅលើឆាកដ៏ធំនៃកម្មវិធី ទះកំផ្លៀង Chris Rock មួយដៃពេញទំហឹង បន្ទាប់ពី Rock និយាយលេងសើចពីប្រពន្ធរបស់ Smith៕