(រីយ៉ូ)៖ ក្លិបបាល់ទាត់អាជីពប្រេស៊ីល Flamengo បាននឹងកំពុងធ្វើការជជែកគ្នា ដើម្បីឈានដល់ការចុះកិច្ចសន្យា ជាមួយនឹងខ្សែការពារផ្នែកខាងឆ្វេង Ayrton Lucas ផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើង មកពីក្លិបរុស្ស៊ី Spartak Moscow, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។

Ayrton បានព្រមព្រៀងក្នុងគោលការណ៍ លើកិច្ចសន្យាលេងខ្ចីជើងរយៈពេល៩ខែ ដែលរួមបញ្ចូលជាមួយជម្រើស អាចក្លាយជាកីឡាករលេងជាអចិន្ត្រៃយ៍ នៅឯក្លិប Flamengo ផងដែរ, ភាគីទាំងអស់ បានព្រមព្រៀងគ្នា, នេះបើយោងតាមសារព័ត៌មានប្រេស៊ីល O Globo បានចេញផ្សាយ។

សារព័ត៌មានដដែលបន្ថែមថា កីឡាករវ័យ២៤ឆ្នាំរូបនេះ គ្រោងនឹងទៅដល់ទីក្រុង Rio ក្នុងសប្តាហ៍នេះ សម្រាប់ការពិនិត្យសុខភាព និងបញ្ចប់លក្ខខណ្ឌផ្ទាល់ខ្លួន។

អតីតកីឡាករជម្រើសជាតិប្រេស៊ីល អាយុក្រោម២៣ឆ្នាំ, Ayrton បានចាប់ផ្តើមអាជីពបាល់ទាត់របស់លោក នៅឯក្លិបប្រេស៊ីល Fluminense មុនពេលចូលរួមជាមួយក្លិបរុស្ស៊ី Spartak Moscow ក្នុងឆ្នាំ២០១៨។

លោកបានបង្ហាញខ្លួន១០៨ប្រកួត សម្រាប់ក្លិបរុស្ស៊ី ដោយស៊ុតបញ្ចូលទី៤គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន១១គ្រាប់៕