(រីយ៉ូ)៖ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល លោក Tite នៅថ្ងៃចន្ទ បានបដិសេធចំពោះការប្រមើល អំពីទំនាក់ទំនងរបស់លោក ជាមួយនឹងការផ្លាស់ទៅដឹកនាំក្លិប Arsenal ដែលកំពុងលេងនៅលីគអង់គ្លេស Premier League, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។
យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ប្រេស៊ីល TV Globo បានឲ្យដឹងថា បុរសវ័យ៦០ឆ្នាំ ត្រូវបានអ្នកតំណាងក្លិបកាំភ្លើងធំ Arsenal ធ្វើការទាក់ទងអំពីលទ្ធភាព នៃការជំនួសតំណែងលោក Mikel Arteta បន្ទាប់ពីការប្រកួត World Cup ក្នុងឆ្នាំនេះ។
"អារម្មណ៍របស់ខ្ញុំ គឺក្រៀមក្រំ។ ខ្ញុំមានអារម្ម៍ក្រៀមក្រំ ដោយសារតែព័ត៌មានដែលចេញផ្សាយនោះ គឺមិនពិត", នេះបើតាមសម្តីលោក Tite បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ តាមប្រព័ន្ធនិមិត្ត។
លោក Tite បានដឹកនាំការប្រកួតឈ្នះ៥៣ប្រកួត, ស្មើ១៣ប្រកួត និងចាញ់ត្រឹមតែ៥ប្រកួតប៉ុណ្ណោះ ចាប់តាំងពីដឹកនាំក្រុមជម្រើសជាតិម្ចាស់ជើងឯកពានរង្វាន់ World Cup ចំនួន៥សម័យកាលនេះ កាលពីខែសីហា ឆ្នាំ២០១៦។
កាលពីខែមុន លោកបានប្រកាសថា លោកនឹងលាលែងពីតំណែង បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ World Cup ដែលនឹងប្រារព្ធនៅប្រទេសកាតា ចាប់ថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូខាងមុខ៕