(អាក់ក្រា)៖ ប្រធានាធិបតីប្រទេសហ្គាណា លោក Nana Addo Dankwa Akufo-Addo បានសម្តែងការអបអរសាទរ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន ដែលបានឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

«សូមអបអរសាទរ ចំពោះក្រុមជម្រើសជាតិ (Black Stars) ក្នុងការប្រកួតនៅឯទីក្រុង Abuja និងបានឡើងទៅប្រកួតជុំចុងក្រោយក្នុងព្រឹត្តិការណ៍ World Cup នាប្រទេសកាតាចុងឆ្នាំនេះ។ ខ្ញុំពិតជាមានមោទនភាព ចំពោះភាពអង់អាចរបស់ក្រុម។ ពួកគេបានធ្វើឲ្យមានមោទនភាពសម្រាប់ប្រទេសទាំងមូល» នេះបើតាមលោក Nana Akufo-Addo បានបង្ហោះលើបណ្តាញ Twitter។

ហ្គាណា បានលេងស្មើ ១-១ ជាមួយនឹងនីហ្សេរីយ៉ា ក្នុងការប្រកួតជើងទី២ នៃវគ្គជម្រុះជុំផ្តាច់ព្រ័ត្រនៅឯពហុកីឡដ្ឋាន Moshood Abiola National Stadium នាទីក្រុង Abuja កាលពីល្ងាចថ្ងៃអង្គារ ប្រចាំទ្វីបអាហ្រ្វិក (CAF)។

ដោយទទួលបានលទ្ធផលស្មើក្នុងការប្រកួតជើងទីមួយ ០-០ ក្នុងការធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃសុក្រនោះ ហ្គាណាបានឡើងទៅប្រកួតនៅកាតា សម្រាប់ព្រឹត្តិការណ៍ World Cup ដោយសាររកគ្រាប់បាល់បាននៅក្រៅទឹកដី និងទទួលបានកៅអី១ ក្នុងចំណោមកៅអីទាំង៥ ក្នុងការប្រកួតជម្រុះប្រចាំទ្វីបអាហ្វ្រិកមួយនេះ។

ការឡើងទៅប្រកួតនេះ នឹងក្លាយជាការបង្ហាញខ្លួនលើកទី ៤ហើយសម្រាប់ក្រុមជម្រើសជាតិហ្គាណានៅឯព្រឹត្តិការណ៍ FIFA World Cup ដោយកន្លងមក ធ្លាប់បានប្រកួតកាលពីWorld Cup ឆ្នាំ២០០៦, ២០១០ និងចុងក្រោយគឺនៅឆ្នាំ២០១៤ ដែលមានប្រេស៊ីលធ្វើម្ចាស់ផ្ទះ៕