(ប៉កតូ)៖ Cristiano Ronaldo រកបាន ៣៦គ្រាប់ពីការចូលលេងក្នុងវគ្គជម្រុះ World Cup បាន ៤៧ប្រកួតមកនេះឈរនៅលេខ២ ដ្បិតខ្សែប្រយុទ្ធ Carlos Ruiz របស់ប្រទេសហ្គូតេម៉ាឡា (Guatemala) រកបានបាន ៣៩គ្រាប់ពីការបង្ហាញខ្លួនចំនួន ៤៧ប្រកួតដែរនោះ។

នេះមានន័យថា ប្រធានក្រុមបច្ចខែលព័រទុយហ្គាល់ ដែលចំរើនវ័យ ៣៧ឆ្នាំទៅហើយនោះ ត្រូវរកឲ្យបាន ៣គ្រាប់ ដើម្បីតាមទាន់កំណត់ត្រា Carlos Ruiz ដែលបានចូលនិវត្តន៍ទៅហើយ។

ចំណែកឯការលេងនៅជុំផ្តាច់ព្រ័ត្រ World Cup វិញនោះ Ronaldo ទើបតែស៊ុតបាន ៧គ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួនបាន ១៧ប្រកួតដែលកីឡាករ Manchester United លេងបាន ៥សម័យមកនេះ គ្រាដែល Miroslav Klose របស់អាល្លឺម៉ង់រកបាន ១៦គ្រាប់ច្រើនជាងគេ តាមពីក្រោយ Ronaldo ប្រេស៊ីលមាន ១៤គ្រាប់ និងលេខ៣ Gerd Muller មាន ១៤គ្រាប់។

ចំណែកឯប្រធានក្រុមប៉ូឡូញ Robert Lewandowski វិញគឺឈរនៅលេខ៤ ជាបណ្តោះអាសន្នពីការស៊ុតបាន ៣០គ្រាប់ ពីការបង្ហាញខ្លួនបាន ៣៦លើកនៃវគ្គជម្រុះ World Cup នៅពេលកីឡាករក្លិប Bayern Munich ខាងលើនេះធ្វើបាន hat trick ១លើកផងដែរក្នុងចំណោមលេងជម្រុះ World Cup ៣សម័យកាលមកនេះប្រចាំតំបន់អឺរ៉ុប UEFA។

ដូចគ្នានោះដែរ Luis Suarez របស់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ ក៏ស្ថិតក្នុងបញ្ជីកីឡាករ ៥នាក់ដែលស៊ុតបានច្រើនគ្រាប់នៅវគ្គជម្រុះ World Cup នេះដែរ នៅពេលដែលខ្សែប្រយុទ្ធក្លិប Atletico Madrid រូបនេះរកបាន ២៩គ្រាប់ ពីការចូលលេងបាន ៦២ប្រកួតជាមួយនឹងការរកបានច្រើនគ្រាប់ផងដែរ ពេលអ៊ុយរ៉ាហ្គាយបំបាក់វេណេហ្សូអេឡា និងប៉ារ៉ាហ្គាយនាពេលថ្មីៗនេះ៕