(បរទេស)៖ វីដេអូ Trailer ចុងក្រោយនៃរឿង «Top Gun: Maverick» ដែលសម្តែងដោយតារាហូលីវូដ Tom Cruise ត្រូវបានចេញផ្សាយ នាពេលថ្មីៗនេះ ដោយបង្ហាញពីកាលបរិច្ឆេទ នៃការចាក់បញ្ចាំងក្នុងរោងភាពយន្ត ទូទាំងពិភពលោកនៅថ្ងៃទី២៧ ខែឧសភា ខាងមុខ បន្ទាប់ពីពន្យារពេល ដោយសារកូវីដ-១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Zee News នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ក្នុងវីដេអូ Trailer លោក Tom Cruise នឹងត្រូវគេឃើញ ជាអ្នកបញ្ជាយន្តហោះចម្បាំងដូចជា F-18 និង F-14 ជាដើម ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺយន្តហោះចម្បាំងរបស់សត្រូវ នៅក្នុងខ្សែភាពយន្តនោះ ដែលបើផ្នែកលើទម្រង់រូបរាងរបស់វា គឺជាយន្តហោះចម្បាំង Sukhoi Su-57។

Sukhoi Su-57 ត្រូវគេចាត់ទុកជា យន្តហោះចម្បាំងទំនើបបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ន ខណៈរុស្ស៉ីមិនបានអនុញ្ញាតឲ្យលក់យន្តហោះចម្បាំងនេះ ឲ្យទៅប្រទេសដទៃឡើយ។ យន្តហោះចម្បាំងរុស្ស៉ី Su-57 គឺជាយន្តហោះចម្បាំងជំនាន់ទី៥ សម្រាប់ធ្វើការប្រកួតប្រជែង ជាមួយយន្តហោះចម្បាំង F-35 និង F-22 របស់សហរដ្ឋអាមេរិក ព្រមទាំងយន្តហោះចម្បាំង J-20 របស់ប្រទេសចិន។

ទោះនៅក្នុងភាពយន្ត «Top Gun: Maverick» លោក Cruise ត្រូវគេរំពឹងថា នឹងបើកបរតែយន្តហោះចម្បាំង F-18 ក៏ដោយ អ្នកប្រើប្រាស់ប្រព័ន្ធ Twitter ម្នាក់ បានអះអាងថា កំឡុងឈុតមួយនោះក្នុងឃ្លីបវីដេអូ Trailer គឺលោកកំពុងហោះហើរយន្តហោះចម្បាំង F-14 ហើយស្ថិតក្នុងការតាមប្រយុទ្ធគ្នា ជាមួយយន្តហោះ Su-57 ដែលជាគូសត្រូវ។ យន្តហោះចម្បាំង F-14 បានចូលនិវត្តន៍តាំងតែពីឆ្នាំ២០០៦ មកម្ល៉េះ ខណៈយន្តហោះ Su-57 ទើបតែត្រូវបានដាក់ឲ្យចូលបម្រើការសាកល្បង ក្នុងជួរយោធារុស្ស៉ី កាលពីប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ៕