(មេនឆេស្ទើ)៖ ក្លិប Manchester United នឹងប្រកួតទល់នឹងក្រុម Liverpool ជាផ្នែកមួយនៃការប្រកួតមុនរដូវកាលរបស់ពួកគេនៅប្រទេសថៃ និងអូស្ត្រាលី នាខែកក្កដាខាងមុខ។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ។

United នឹងជួប Liverpool នៅទីក្រុង Bangkok នាថ្ងៃទី១២ ខែកក្កដា មុនពេលធ្វើដំណើរទៅអូស្តា្រលី ដើម្បីប្រកួតជាមួយក្រុម Melbourne Victory ដែលលេងនៅលីគ A-League នាថ្ងៃទី១៥ ខែកក្កដា និងក្រុម Crystal Palace ៤ថ្ងៃបន្ទាប់។

United កំពុងស្ថិតនៅលំដាប់ទី៦ ក្នុងតារាង Premier League មាន ៥០ពិន្ទុពី ២៩ប្រកួត។ ពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leicester City នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ដោយឡែកគូប្រកួតប្រជែង Liverpool កំពុងឈរនៅលំដាប់ទី២ ក្នុងតារាងដោយមាន ៦៩ពិន្ទុ មាន ១ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង Manchester City៕