(ឡាសវេហ្គាស)៖ ទីក្រុង Las Vegas របស់អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក Formula 1 Grand Prix នៅតាមផ្លូវសំខាន់ៗនាពេលរាត្រី នាឆ្នាំ២០២៣ ខាងមុខឡើងវិញ ជាមួយនឹងមន្ត្រីកំពូលនៃកីឡាមួយនេះបានលើកឡើងថា ព្រឹត្តិការណ៍នេះ គឺជា «ពេលវេលាដ៏អស្ចារ្យ» នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

ការប្រណាំងបានវិលត្រឡប់ទៅកាន់ទីក្រុងនេះវិញជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៨២ ហើយនឹងក្លាយជាព្រឹត្តិការណ៍ Grand Prix ទី៣ នៅសហរដ្ឋអាមេរិក ក្នុងប្រតិទិនរបស់ F1 នាឆ្នាំក្រោយ ជាមួយនឹងទីក្រុង Miami និងទីក្រុង Austin ផងដែរ។

«នេះគឺជាពេលវេលាដ៏អស្ចារ្យសម្រាប់ព្រឹត្តិការណ៍ Formula 1 ដែលបង្ហាញពីភាពទាក់ទាញ និងការរីកចម្រើននៃកីឡារបស់យើង ជាមួយនឹងការប្រណាំងលើកទី៣ នៅទឹកដីសហរដ្ឋអាមេរិក»។ នេះបើតាមលោក Stefano Domenicali ប្រធាន Formula 1 បានលើកឡើង។

ការប្រណាំង នឹងធ្វើឡើងនៅពេលរាត្រីនាថ្ងៃសៅរ៍ ក្នុងខែវិច្ឆិកា។ ផ្លូវប្រណាំងនឹងមានចម្ងាយ ៦.១២គីឡូម៉ែត្រ ពីចំណុចចាប់ផ្តើមរហូតដល់ទីបញ្ចប់ ដោយប្រណាំង ៥០ជុំ ជាមួយនឹងល្បឿនលឿនបំផុតត្រូវបានគេប៉ាន់ស្មានថា លើសពី ៣៤២គីឡូម៉ែត្រក្នុង ១ម៉ោង។

សូមជម្រាបថា ព្រឹត្តិការណ៍ Miami Grand Prix នឹងប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំនេះ នៅថ្ងៃទី០៨ ខែឧសភា គ្រាដែល United States Grand Prix នឹងធ្វើឡើងនៅទីក្រុង Austin រដ្ឋ Texas នៅថ្ងៃទី២៣ ខែតុលា៕