(អាប៊ូចា)៖ ប្រធានបច្ចេកទេសសហព័ន្ធបាល់ទាត់នីហ្សេរីយ៉ា (NFF) លោក Augustine Eguavoen បានចុះចេញពីតំណែង ហើយក្រុមបុគ្គលិកផ្នែកបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិ ផ្នែកបុរសទាំងមូល ត្រូវបានដកចេញពីតំណែង បន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងការរកកៅអី សម្រាប់ការប្រកួតនៅឯព្រឹត្តិការណ៍ World Cup នៅកាតា។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

នីហ្សេរីយ៉ា បានទទួលបរាជ័យយ៉ាងភ្ញាក់ផ្អើល ដោយសារច្បាប់រកគ្រាប់បាល់បាននៅក្រៅទឹកដី ក្រោមថ្វីជើងរបស់ហ្គាណា នៅក្នុងការប្រកួតជម្រុះជុំផ្តាច់ព្រ័ត្ររបស់ពួកគេ។

«ទីប្រឹក្សាបច្ចេកទេស Augustine Eguavoen បានចុះចេញពីតំណែងភ្លាមៗ ក្រោយពេលនីហ្សេរីយ៉ាហាលអាវ» នេះបើតាមការអះអាងរបស់ NFF នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃព្រហស្បតិ៍ម្សិលមិញ។

«NFF ក្នុងពេលជាមួយគ្នានោះ ក៏បានបញ្ចប់ការតែងតាំងនៃសហសេវិកបច្ចេកទេសទាំងមូលនៃក្រុមផងដែរ»

«សហសេវិកថ្មីមួយ នឹងត្រូវប្រកាស បន្ទាប់ពីការត្រួតពិនិត្យឡើងវិញ ដើម្បីដឹកនាំការផ្លាស់ប្តូរនៃការពង្រីកក្រុមដើម្បីប្រឈមនឹងបញ្ហានាពេលអនាគត ឲ្យបានសមស្រប»

អតីតកីឡាករលំដាប់អន្តរជាតិនីហ្សេរីយ៉ា លោក Emmanuel Amuneke, Joseph Yobo និងលោក Salisu Yusuf បានចូលរួមក្នុងក្រុមមន្ត្រីបច្ចេកទេស របស់លោក Eguavoen កាលពីខែមុន ជាមួយនឹងកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ ដែលឥឡូវនេះត្រូវបានដកចេញពីតួនាទីវិញដែរ៕