(លីយ៉ុង)៖ ក្លិបបាល់ទាត់បារាំង Olympique Lyonnais បានចុះកិច្ចសន្យាយកខ្សែបម្រើសញ្ជាតិប្រេស៊ីល Tete មកពីក្លិបអ៊ុយក្រែន Shakhtar Donetsk ដោយអនុញ្ញាតឲ្យកីឡាកររូបនេះ លេងរហូតដល់ចប់រដូវកាលនេះ។ នេះបើតាមក្លិបលេងនៅលីគបារាំង Ligue 1 បានឲ្យដឹង ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

ការចុះកិច្ចសន្យានេះត្រូវបានធ្វើឡើង បន្ទាប់ពីមានសេចក្តីសម្រេចពី FIFA ដែលអនុញ្ញាតឲ្យក្លិបនានាអាចចុះកិច្ចសន្យាជាមួយនឹងក្រុមកីឡាករ នៅអ៊ុយក្រែនបាន នៅក្រៅរដូវកាលផ្ទេរកីឡាករ ដើម្បីជួយពួកគេដែលរងផលប៉ះពាល់ ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

Tete វ័យ ២២ឆ្នាំបានបង្ហាញខ្លួន ១០៨ប្រកួតចាប់តាំងពីចូលរួមលេងឲ្យក្លិប Shakhtar បន្ទាប់ពីផ្ទេរពីក្លិបប្រេស៊ីល Gremio ក្នុងឆ្នាំ២០១៩ ដោយស៊ុតបញ្ចូលទីបាន ៣១គ្រាប់នៅក្នុងការប្រកួតទាំងអស់។ លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ Ukrainian Cup ក្នុងឆ្នាំ២០១៩ និងពានរង្វាន់ Ukrainian Premier League ចំនួន ២ដងដែរ។

សូមជម្រាបថា Lyon កំពុងឈរនៅលំដាប់ទី១០ ក្នុងតារាង ខណៈនៅសល់ ៩ប្រកួតទៀតក្នុងលីគ Ligue 1 ហើយពួកគេនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមលំដាប់ទី១៤ Angers នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះដែរ៕