(កោះកុង)៖ ភូមិតង់អូរកី គឺជាទីទស្សនាទេសភាពធម្មជាតិ និងជំរុំបោះតង់មួយ ទើបនឹងបង្កើតថ្មីនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាទីដ៏ពេញនិយមថ្មីមួយទៀតសម្រាប់ក្រុមអ្នកទេសចរ Camping។

ធ្វើដំណើរចេញពីកំពង់ចម្លងស្ទឹងពីរផុត ឆ្លងកាត់ភូមិដ្ឋានប្រជាជន ចម្ការដំណាំ អមដោយទេសភាពជំរុំព្រៃភ្នំប្រមាណ១០នាទីក្រោយមក ភ្ញៀវទេសចរយើងនឹងបានទៅដល់ភូមិតង់អូរកីនៅខាងស្ដាំផ្លូវ ដែលជាស្នាដៃប្រកបដោយភាពច្នៃប្រឌិតរបស់យុវជនម្នាក់នៅឃុំជីផាតផ្ទាល់តែម្ដង។

នៅទីនោះដាច់ឆ្ងាយពីភូមិប្រជាជន សល់តែសំឡេងធម្មជាតិ ផ្ដល់នូវខ្យល់អាកាសបរិសុទ្ធ ថែមទាំងមានផ្ទះលម្ហែតូចមួយសម្រាប់ឈរគយគន់ទេសភាពផងដែរ។ សម្លឹងពីលើផ្ទះឈើឥតដំបូលមួយនេះ ភ្ញៀវទេសចរប្រាកដជាពេញចិត្តចំពោះទិដ្ឋភាពដងអូរដ៏វែងអន្លាយ។

ទឹកហូររ៉ឹមៗជ្រែកកាត់ជ្រលងបុព្វតា នាំក្ដីរមណីយអណ្ដែតប៉ះភ្នែកទេសចរ រីឯធម្មជាតិព្រឹក្សាលោមពណ៌បៃតងស្រស់ខ្ចី បុប្ផាឆើតឆាយរីកស្រស់បំព្រង សាយមន្តអន្លងភូមរានែបនិត្យក្រេបក្លិនលម្អង។

ទោះបីភូមិតង់អូរកីតូចល្មមមិនសូវធំ តែប្រៀបដូចជាលំនៅលម្ហែកាយសាមញ្ញមួយ សម្រាប់ភ្ញៀវទេសចរដែលនិយមចូលចិត្តបោះតង់ ឬដំណើរត្រាច់ចរជាក្រុមជាដើម។ ចំពោះម្ហូបអាហារវិញ ភ្ញៀវទេសចរយើងអាចទិញពីប្រជាជននៅឃុំជីផាតបាន ខណៈនៅតំបន់នេះក៏មានសកម្មភាពលក់ដូរសម្បូរបែបផងដែរ។

ទទួលទានអាហារឈ្ងុយឆ្ងាញ់ក្រោមអំពូលរាត្រី ស្ដាប់សូរសំឡេងទឹកហូររអឹកឥតដាច់ ក្រោមបរិយាកាសត្រជាក់សព្វកាយ តើទៅរកក្ដីសុខឯណាបានដូចភូមិតង់អូរកីដ៏ស័ក្តិសមមួយនេះ។

សេវាបោះតង់នៅទីនេះគឺសមរម្យនោះទេ ដោយហេតុថាការបង្កើតភូមិតង់នេះឡើង មិនមែនផ្ដោតលើអាជីវកម្ម តែចេញពីបេះដូងចង់អភិវឌ្ឍមូលដ្ឋាន ផ្ដល់សេវាកម្សាន្តជូនទេសចរ៕

* កម្មវិធីដំណើរខ្ញុំ នាំលោកអ្នកទៅកាន់តំបន់ទេសចរណ៍កម្សាន្តដ៏សម្បូរបែប និងជាទីគយគន់!

សូមទស្សនាវីដេអូទេសចរណ៍នៅភូមិតង់អូរកី ខេត្តកោះកុង ដែលផលិតដោយ Fresh Studio ក្នុងកម្មវិធី «ដំណើរខ្ញុំ» វគ្គ១០៖