(សៀងហៃ)៖ ក្រុមហ៊ុន Volkswagen បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា នឹងបញ្ឈប់ការងាររបស់ខ្លួននៅក្នុងទីក្រុងសៀងហៃចន្លោះពីថ្ងៃទី០១ ដល់ទី០៥ ខែមេសានេះ ដោយមានការរៀបចំផែនការទុកជាមុន ដើម្បីរក្សាផលិតកម្មរបស់ខ្លួន ខណៈដែលទីក្រុងត្រូវបានរាំងខ្ទប់ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

ទន្ទឹមនឹងការរាំងខ្ទប់ទីក្រុងនេះ ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ដែលមានការបណ្តាក់ទុនរួមគ្នានៅក្នុងទីក្រុងសៀងហៃជាមួយក្រុមហ៊ុន SAIC Motor បានបង្ហាញឱ្យដឹងថាពួកគេនឹងនៅតែអនុត្តការងារថែទាំរថយន្តនៅក្នុងរោងចក្រ។

ខណៈដែលមុនពេលការរាំងខ្ទប់ទីក្រុងមកដល់ Volkswagen បានលើកឡើងថាខ្លួននឹងនៅតែរក្សាផលិតកម្មមួយចំនួនក្នុងរយៈពេលនេះ ដោយផ្តល់កន្លែងស្នាក់នៅ និងអាហារនៅរោងចក្ររបស់ខ្លួនសម្រាប់បុគ្គលិកដែលស្ម័គ្រចិត្តធ្វើការ រួមទាំងបន្ថែមប្រាក់ឈ្នួលបន្ថែមទៀតដើម្បីជាការលើកទឹកចិត្តទៅដល់បុគ្គលិកដែលមានឆន្ទៈទាំងនេះ។

គួរជម្រាបដែរថា រោងចក្ររបស់ Volkswagen មានទីតាំងស្ថិតនៅក្នុងសង្កាត់ Anting ភាគខាងលិចនៃទីក្រុង ដែលបានដំណើរការបិទទីក្រុងចាប់ពីថ្ងៃនេះទៅ នឹងមានរយៈពេលរហូតដល់ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ៕