(ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិចដណ្ដើមពានរង្វាន់ T.Y Media E-Champion រដូវកាលទី១ លើវិញ្ញាសា Mobile Legend បានឈានដល់វគ្គ ៨នាក់ចុងក្រោយ (ជុំផ្ដាច់ព្រ័ត្រ) ហើយ បន្ទាប់ពីដំណើរការប្រកួតជម្រុះអស់រយៈពេលជិត ៣ខែ ដោយមានបេក្ខភាព ២៥៦ក្រុមចូលរួម។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានថ្លែងក្នុងពិធីបើកការប្រកួតវគ្គ ៨នាក់ចុងក្រោយនាថ្ងៃទី៣១ ខែមីនាថា នេះគឺជាការប្រកួតកីឡាអេឡិចត្រូនិចដ៏ធំ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍគុណភាពសមត្ថភាព និងបច្ចេកទេសកីឡាករត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមផង និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជាផង។

លោក ឈុន សំណាង អគ្គនាយកក្រុមហ៊ុនធី វ៉ាយ មេឌា បានបញ្ជាក់ថា ការប្រកួតនេះមានរយៈពេល ៤ថ្ងៃ ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។ តាមរយៈការប្រកួតនេះ លោករំពឹងថា នឹងផ្ដល់នូវបទពិសោធន៍ និងបច្ចេកទេសល្អៗបន្ថែមទៀតដល់កីឡាករគ្រប់ក្រុម ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេមទាំង ២លើកចំពោះមុខ។

លោកថា «ខ្ញុំជឿជាក់១០០% ថា ការប្រកួតនេះនឹងជាចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមជម្រើសជាតិកម្ពុជាមានសមត្ថភាពកាន់តែរឹងមាំ ខណៈចក្ខុវិស័យរបស់យើង គឺខិតខំពង្រឹងការរៀបចំព្រឹត្តិការណ៍ដូចគ្នានេះនារដូវកាលក្រោយៗទៀត។ ខ្ញុំរីករាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសហព័ន្ធកីឡាអេឡិត្រូនិចកម្ពុជា ក្នុងការផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនរបស់ខ្ញុំ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា»

សូមបញ្ជាក់ថា បេក្ខភាពវគ្គ ៨ក្រុមចុងក្រោយខាងលើរួមមានក្រុម Impunithy KH, DG Quantum, See You Soon, Dead or Alive, Darkside, Infamous Legions, Team Max និងក្រុម Burn X Flash។ ចំពោះប្រាក់រង្វាន់ទឹកចិត្តនៃការប្រកួតជុំផ្ដាច់ព្រ័ត្រនេះ គឺមានប្រាក់រង្វាន់សរុប ១០០លានរៀល ក្នុងនោះចំណាត់ថ្នាក់លេខ១ ទទួលបាន ៥០លានរៀល, លេខ២ ទទួលបាន ២៥លានរៀល, លេខ៣ ទទួលបាន ១៥លានរៀល និងលេខ៤ ទទួលបាន ៤លានរៀល៕