(បរទេស)៖ តារាសម្តែងជួរមុខក្នុងវិស័យហូលីវូដលោកស្រី Angelina Jolie ត្រូវបានរាយការណ៍ថា បានទុកការងារសិល្បៈរបស់ខ្លួនមួយឡែក ដើម្បីមកធ្វើកិច្ចការងារមនុស្សធម៌ ខណៈថ្មីៗនេះលោកស្រី បានធ្វើដំណើរទៅកាន់ប្រទេសអ៉ីតាលី ដើម្បីសួរសុខទុក្ខក្មេងៗអ៊ុយក្រែន នៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសអ៉ីតាលី បន្ទាប់ពីពួកគេភៀសខ្លួនចេញពីទឹកដីកំណើត ដោយសារសង្គ្រាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail។

លោកស្រី Angelina Jolie ដែលជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន នៅថ្ងៃទី៣០ ខែមីនា ថ្មីៗនេះ បានទៅមន្ទីរពេទ្យកុមារ Bambino Gesu ដើម្បីមើលក្មេងៗជនជាតិអ៊ុយក្រែន ដែលកំពុងមានជំងឺខ្លាំងធូរស្រាល និងខ្លះទៀតធ្ងន់ធ្ងរ ហើយពួកគេត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើត ជ្រកកោននៅប្រទេសអ៉ីតាលី ដោយសារប្រទេសគ្មានសន្តិភាព។ Jolie ក៏បានជួបគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលកំពុងមើលថែជនភៀសខ្លួនផងដែរ។

គួរជម្រាបថា បើតាមអង្គការ Unicef បានប៉ាន់ប្រមាណថា ជនភៀសខ្លួនកុមារចំនួនពីរលាននាក់បានចាកចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ខណៈខ្ទង់ ២.៥ លាននាក់ទៀតបានផ្លាស់ទីលំនៅក្នុងស្រុក និង ៦០% នៃកុមារអ៊ុយក្រែនត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ៕