(ដូហា)៖ លោក Gianni Infantino បានថ្លែងក្នុងសន្និបាតប្រចាំឆ្នាំនៅទីក្រុង Doha ប្រទេសកាតា FIFA រីករាយទទួលស្វាគមន៍រុស្ស៊ីឡើងវិញ នៅពេលបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ប្រធាន FIFA ខាងលើបានថ្លែងថា «ខ្ញុំមិនសប្បាយចិត្តឡើយចំពោះរឿងដែលបានកើតឡើងនៅអ៊ុយក្រែនដូចអ្នករាល់គ្នាដែរលើប្រជាជនរងគ្រោះទាំងនោះ។ ជាការឆ្លើយតបយើងត្រូវតែបញ្ឈរជើងរុស្ស៊ី និងក្លិបអាជីពរបស់ពួកគេ។ វាជាការសម្រេចចិត្តដ៏លំបាកមួយ ជាពិសេសមនុស្សម្នាដែលស្រឡាញ់បាល់ទាត់ នៅពេលពួកយើងក៏បានត្រៀមខ្លួនចំពោះការវិលត្រឡប់មកវិញរបស់រុស្ស៊ីដែរ ក្រោយសង្រ្គាមរវាងប្រទេសទាំងពីរត្រូវបានបញ្ចប់នោះ»

លោកបានសង្កត់ធ្ងន់ថា «សហព័ន្ធបាល់ទាត់រុស្ស៊ី គឺជាសមាជិកពេញសិទ្ធិដូចប្រទេសដទៃដែរ ដែលត្រូវបានដកបញ្ឈរជើងជាបណ្តោះអាសន្នសិន ដែលតំណាងរុស្ស៊ីក៏វត្តមានក្នុងអង្គសន្និបាតនេះដែរ»

លោក Infantino ដែលទទួលបានមេដាយសន្តិភាពពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលឆ្នាំ២០១៩ នោះ បាននិយាយថា «កិត្តិយសរបស់ខ្ញុំត្រូវបានបំផ្លាញជាខ្លាំង ដោយសារព័ត៌មានចេញពីអ៊ុយក្រែន»

World Cup 2022 នៅប្រទេសកាតា ពុំមានវត្តមានក្រុមបាល់ទាត់ជម្រើសជាតិឡើយ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍នេះកាលពី ៤ឆ្នាំមុន ដោយសារតែ FIFA និង UEFA ដកសិទ្ធិចូលរួមប្រកួតនានានៅលើឆាកអន្តរជាតិ បន្ទាប់ពីប្រធានាធិបតី Vladimir Putin បានបញ្ជាកងទ័ពចូលលុកលុយប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់បច្ចុប្បន្នពុំទាន់ចប់នៅឡើយទេ នៅពេលសហព័ន្ធបាល់ទាត់ប្រទេសរុស្ស៊ី បានធ្វការប្តឹងជំទាន់ទៅតុលាការកីឡា CAS ក៏ដូចជាសុំពន្យារពេលជាប់បម្រាម ដែលត្រូវបានបរាជ័យដូចគ្នា៕